ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដងទង់ ចំនួន​១៥០​គ្រួសារ​

AKP កំពត ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០
​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាស្រុក​ដងទង់ មាន​រៀបចំ​ពិធី ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាលខេត្ត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​ចូលរួម​ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ ម​ន្រី្ត​រាជការ​សាលាខេត្ត មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ១៥០​គ្រួសារ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍ថា ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ដែល​បាន​ប្រគល់ជូន​នា​ថ្ងៃនេះ ពិត​ជាមាន​សារៈប្រយោជន៍ និង​ជា​ឯកសារ​ភស្តុតាង​រឹងមាំ ចំពោះមុខ​ច្បាប់​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​ថែរក្សា ប័ណ្ណកម្មសិទ្ធិ​នេះ​ឱ្យបាន​គង់វង្ស​ល្អ និង​ប្រើប្រាស់​ដី​ឱ្យទៅជា​ប្រយោជន៍​សម្រាប់​ការលើក កម្ពស់​ជីវភាព​របស់​បងប្អូន​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។
​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត​នឹង​បន្ត​ពិនិត្យ និង​ជំរុញ​ដល់​ការចេញ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​បន្ថែមទៀត ដោយ​រៀបចំ​ផែនការ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​ការចេញ ប័ណ្ណ​បាន​លឿន ហើយ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការ ប្រុងប្រយ័ត្ន​ខ្ពស់​រក្សា​ការពារ​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ ដោយ​អនុវត្តន៍​តាម វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់លាប់​។​

​សូមបញ្ជាក់ថា តាម​របាយការណ៍​រប​ស់លោក ដា​ញ់ សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម​សំណង់ និង​សុរិយោដី​ខេត្តកំពត បានឱ្យដឹងថា សម្រាប់​ស្រុក​ដងទង់​បាន​ចុះបញ្ជី ដីធ្លី​សម្រេច​ចំនួន​៥​ឃុំ ស្មើនឹង​២៣​ភូមិ ចេញ​ប័ណ្ណ​រួចរាល់​សរុប​ចំនួន ១៧.១០៦​ប័ណ្ណ ហើយ បាន​ចែកជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៥.៨៨៤ ប័ណ្ណ​៕ ដោយ ប្រាក់ លាង​