រដ្ឋមន្ត្រីក្រសួង​ការងារ​ស្នើ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​គ្រប់មុខ សញ្ញា​ដោះស្រាយ​ការទាមទារ​របស់​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត​

AKP ភ្នំពេញ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០
​ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម គ្រប់​មុខសញ្ញា​បានស្នើ​ឱ្យ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា គ្រប់​កម្រិត រួមទាំង​រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់ ដោះស្រាយ​នូវ​អ្វី​ដែលជា​បញ្ហា​នៃ​ការ​ទាម ទារ​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ និយោជិត ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​។

​​ថ្លែង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មការ​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ការងារ ឯកឧត្ដម អ៊ិត សំហេង បានស្នើ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​សមាជិក គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ កងកម្លាំង​នគរបាលជាតិ កងរាជអាវុធហត្ថ និង​កម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ចូលរួម​សហការគ្នា​ឱ្យបាន​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព​ក្នុងការ​ដោះស្រាយ​នូវ​សំណូមពរ ការទាមទារ​ដែល​អាច​ទទួលយកបាន​ស្របតាម​ច្បាប់ និង​បទ​ប​ញ្ញ​តិ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ និយោជិត​។ ទន្ទឹមនេះ បន្ត​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ជន​ទាំងឡាយណា​ដែលមាន​ចេតនា​ក្នុងការ​ញុះ​ញ៉​ង់​បង្កបញ្ហា​ដល់​សង្គម និង​ខាតបង់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ និយោជិត ដោយ​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ បង្ក​ជា​អំពើហិង្សា បិទផ្លូវ​សារ​ធារ​ណៈ ការ​គប់ ឬ​វាយបំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ ទ្រព្យសម្បត្តិ​រដ្ឋ ឯកជន ការរារាំង​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​របស់​រដ្ឋ ឬ​ឯកជន ការបង្ក​របួសស្នាម ការ​គំរាម​គំហែង​កម្មករ​មិនឱ្យ​ចូលធ្វើការ​។​ល​។

​​ជាមួយគ្នានេះ ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​ជំរុញ​ឱ្យ​បន្ត​ការផ្សព្វផ្សាយ​ការយល់ដឹង​ជូន​ដល់​បងប្អូន​កម្មករ និយោជិត​នៅតាម​កន្លែងធ្វើការ​ផ្ទាល់​ពីអ្វី ដែលជា​ផលវិបាក​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​វិធា​ការ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ ដើម្បី​ជួយ​សម្រួល​ដល់​ប្រក្រតីភាព​នៃ​អាជីវកម្ម ផលិតកម្ម របស់​រោងចក្រ សហគ្រាស ក៏ដូចជា​ការជួយឧបត្ថម្ភ​គាំទ្រ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់រ​បស់បង​ប្អូន​កម្មករនិយោជិត ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ក៏មាន​គោលបំណង​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (២០២០-២០២៤) និង​បទបញ្ជា លេខ ០១ បប ស្តីពី​ការអនុវត្ត​ផែនការ​ស្តីពី​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (២០២០-២០២៤) ជាពិសេស​ក្នុងអំឡុងពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ននេះ​។

​ឯកឧត្ដម អ៊ិត សំហេង ក៏បាន​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព និង​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម រាជធានី​-​ខេត្ត ក្រុង ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ ត្រូវមាន​ផែនការ​អនុវត្តន៍​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។ រាល់​ករណី​កូដកម្ម បាតុកម្ម​ដែល​កើតឡើង​នៅតាម​ភូមិសាស្ត្រ​ណាមួយ គណៈបញ្ជាការ​ឯកភាព និង​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​នោះ ត្រូវ​ទទួលខុស ត្រូវ​ដឹកនាំ​បញ្ជា​ដោះស្រាយ​រាល់​ករណី​ជាក់ស្តែង​នីមួយៗ និង​ត្រូវខិតខំ​ដោះស្រាយ ឱ្យអស់​លទ្ធភាព ជាពិសេស​ត្រូវ​ក្តាប់​នូវ​មូលហេតុ​នៃ​បញ្ហា ភស្តុតាង និង​មុខសញ្ញា​ជន​ឱកាសនិយម​ដែល​ញុះ​ញ៉​ង់​ឬ​ធ្វើ​សកម្មភាព​ខុសច្បាប់​។ ត្រូវខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​សហជីព​បង ប្អូន​កម្មករ និយោជិត​ដែល​ធ្វើ​កូដកម្ម បាតុកម្ម​ស្របច្បាប់​។ ក្នុងករណី​មាន​អំពើហិង្សា ត្រូវ ចាត់វិធានការ​តាម​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចុះ​ជួប​ជាប្រចាំ ជាមួយ​កម្មករ និយោជិត​នៅតាម​តំបន់​ផ្ទះជួល ឬ​ស្នាក់នៅ​របស់​កម្មករនិយោជិត ដើម្បី​ក្តាប់​ឱ្យបាន​នូវ​ស្មារតី ស្ថានភាព​រស់នៅ បញ្ហា​ថ្លៃ​បន្ទប់ ថ្លៃ​អគ្គិសនី ថ្លៃ​ទឹកស្អាត និង​សំណូមពរ​របស់​កម្មក​រ និយោជិត ព្រមទាំង​ពិនិត្យ​ហានិភ័យ​នានា ដែល​អាច​កើតមាន​ចំពោះ​កម្មករ និយោជិត​នៅក្នុង​តំបន់​ភូមិសាស្ត្រ​របស់ខ្លួន​។ ជាមួយគ្នានេះ ត្រូវ​ផ្តល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ក្នុងករណី​កម្មករនិយោជិត​ត្រូវការ​ប្រើប្រាស់​សេវា​ផ្នែក​ច្បាប់​ផងដែរ​៕​ដោយ ប៊ុន​រិ​ទ្ធ