សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ កោតសរសើរ​ចំពោះ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រសួង​ព័ត៌មាន ក្នុងការ​រួមចំណែក​ជួយ​លើ​គ្រប់​វិស័យ​

AKP ភ្នំពេញ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០
​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ព្រះ​បរម​រាជានុញ្ញាត​ឱ្យ លោកជំទាវ ខៀវ ទេព​រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នៃ​ក្រសួង​ព័ត៌មាន ដឹកនាំ​សមាជិក សមាជិកា របស់​សមាគម​ចូល​ក្រាប​ថ្វាយ បង្គំ​គាល់ និង​ថ្វាយព្រះពរ នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ព្រះបរមរាជវាំង​។​

សម្តេចព្រះ​មហាក្សត្រី​បាន​ថ្លែងអំណរគុណ ព្រមទាំង​ពាំនាំ​នូវ​ព្រះរាជ​បណ្ដាំ​ផ្ញើ សាកសួរ​សុខទុក្ខ​រប​ស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កោតសរសើ​ចំពោះ​សកម្មភាព​របស់​សាខា​សមា គម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នៃ​ក្រសួង​ព័ត៌មាន ដែល​ដឹកនាំ​ដោយ លោកជំទាវ ខៀវ ទេព​រង្ស៊ី កាញារីទ្ធ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​នាពេល​កន្លងមក ជូន​ដល់​ប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិ​លើ​គ្រប់​វិស័យ​។ សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ក៏បាន​អរគុណ​ផងដែរ​ចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បាន​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​បាន​យ៉ាង​ល្អប្រសើរ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ ទូរទស្សន៍​ជាតិ​កម្ពុជា ជាពិសេស​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក ក៏​ដូច ជា​ពេលបច្ចុប្បន្ន​។ ជាងនេះទៀត ក្រសួង​ព័ត៌មាន​ក៏បានផ្ដល់​ដូចជា ជា​ទស្សនាវដ្ដី​របស់ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដល់​ព្រះបរមរាជវាំង​ជា​រៀងរាល់​លេខ ដែល​ឆ្លុះបញ្ចាំង​ពី ការអភិវឌ្ឍ​រីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​ក្នុងឱកាស​នោះដែរ លោក ជំទាវ ខៀវ ទេព​រង្ស៊ី កាញារីទ្ធ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន​កំពុងមាន​តួនាទី​សកម្ម​ប្រកបដោយ សមធម៌​បាន​ឆ្លើយតប​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សិទ្ធិ​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​ដែល​ពោរពេញ​ដោយ​សក្តានុពល​ក្នុងការ​ប្រកួត ប្រជែង​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោកជំទាវ ខៀវ ទេព​រង្ស៊ី កាញារីទ្ធ ក៏បាន​ទូលថ្វាយ​សម្តេច​ព្រះមហាក្សត្រី​ថា ស្ត្រី​បាន​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ក្នុង ការផ្តល់​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ការអប់រំ វប្បធម៌ ប្រពៃណី សាសនា និង​ការកម្សាន្ត​សប្បាយ​។ លោកជំទាវ​គូសបញ្ជាក់ថា “​ស្ត្រី​បាន​ចូលរួម​ជាពិសេស ការផលិត​ស្ប៉ត​ឃោសនា​ផ្សព្វផ្សាយ​នូវ​រាល់​កម្មវិធី​នយោបាយ សមិទ្ធផល នានា ដែល​រាជរដ្ឋាភិបាល​សម្រេចបាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជា​ពល រដ្ឋ គ្រប់ទិសទី​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ទៅ​សកលភាវូបនីយកម្ម​ក៏ដូចជា​បរិបទ​សង្គម​”​។​
​លោកជំទាវ​បាន​សង្កត់ធ្ងន់ថា ទាំងនេះ​បង្ហាញ​ពិភពលោក​ឱ្យឃើញថា ស្ត្រី​ក្នុង​វិស័យ​ព័ត៌មាន​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​ការការពារ​ថែរក្សា​សន្តិភាព ការអភិវឌ្ឍ ប្រទេស ធានា​ដល់​ការការពារ​សិទ្ធិមនុស្ស សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ ស្របតាម លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ក្រោម​ឆ័​ត្រ​នីតិរដ្ឋ​។

​​សូមបញ្ជាក់ថា សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នៃ​ក្រសួង​ព័ត៌មាន ក្នុង​ឆ្នាំ​២០២០​នេះ​មាន​សមាជិកា​ប្រតិបត្តិ​ចំនួន​២៦៥​រូប​(​នៃ​អគ្គនាយកដ្ឋាន​ទាំង​០៥)​សមា ជិ​ក​កិត្តិយស​ចំនួន​៥​រូប​(​បុរស​០៣​រូប​)​កើនឡើង​ចំនួន​១០​រូប បើ​ធៀប​ឆ្នាំ​២០១៩​។ ទន្ទឹមនេះ សមាគមនារី​ក្រសួង​ព័ត៌មាន​តែងតែ​ចូលរួម​លើ​កិច្ចការ​សង្គម​ជាប្រចាំ​ជាមួយ​អន្ដរក្រសួង​ពាក់ព័ន្ធ ជាពិសេស​លើ​ការងារ​មនុស្សធម៌ ការ​ឈ្វេងយល់​ពី​ការលំបាក​ពី​សុខទុក្ខ​របស់​ស្ដ្រី និង​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​នានា​ដែល​ស្ដ្រី​កំពុង​ជួបប្រទះ​។ លើសពីនេះ​ទៀត សមាគម​ក៏បាន​ចុះសួរសុខទុក្ខ ជួប​សំណេះសំណាល​ជាមួយ​កុមារ​ពី​ការ​ភ្នែក កុមារ​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ខេត្ដ​កំពង់ចាម និង​កុមារ​ខ្សោយសតិ​បញ្ញា​នៃ​អង្គការ​ជំនួយ​ក្ដីសង្ឃឹម​សម្រាប់​សហគមន៍ នៅ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ព្រមទាំង​ផ្ដល់​ថវិកា​ជួយ​ដល់​សមាជិក សមាជិកា​ដែល​ជួប​ការលំបាក និង​មាន​ជំងឺ​ផងដែរ​។ ជាមួយគ្នានេះដែរ លោកជំទាវ ខៀវ ទេព​រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នៃ​ក្រសួង​ព័ត៌មាន​ក៏បាន​នាំយក​ថវិកា​ចំនួន​១០,០០០​ដុល្លារ ដែលជា​ទឹក​ចិ​ត្ដរបស់​គណៈប្រតិភូ​នារី​ថ្វាយ​សម្ដេចម៉ែ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​៕ ដោយ ជឹម ណា​រី និង គង់ សិរី​រ័ត្ន​