ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក គឺរក្សាការបិទដដែល និងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

អាជ្ញាធរខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃប្រទេស ថៃ បាន​បើកកិច្ចប្រជុំដើម្បីពិភាក្សាការងារពីបញ្ហាតាមព្រំដែន រវាងខេត្តជាប់ព្រំដែនគ្នាទាំងពីរ នេះតាម​រយៈប្រព័ន្ធបញ្ជូនសារសំឡេង រូបភាព (Video Conference)​កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម.WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ រួមនឹងក្រុមការងារបានធ្វើការពិភាក្សា លើរបៀបវារៈនៃ កិច្ចប្រជុំមាន៖ ១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក, ២.ពិភាក្សាសុំ ឱ្យមានការចេញ-ចូលលក់ដូរត្រឹមផ្សាររុងក្លឿ, ៣.ពិភាក្សាករណី​ពលករ(ចេញ-ចូល) និង៤.បញ្ហាផ្សេងៗ។    

ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ ​អាជ្ញាធរខេត្តបន្ទាយមានជ័យ និង អាជ្ញាធរខេត្តស្រះកែវ បានឯកភាពជាគោលការណ៍ ឱ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញមកវិញតាមរយៈរថយន្តចំនួន៥០គ្រឿង ហើយមនុស្សក្នុង១រថយន្ត មាន២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការ ក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឱ្យមានការចូលទៅលក់ដូរនោះទេ។ រយៈពេលនៃការ ចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១០ព្រឹក ចូលឱ្យអស់ ហើយនៅវេលាម៉ោង ១៣:០០ នាទីរសៀល ចេញពីទឹកដីថៃវិញ។

ចំពោះការអនុញ្ញាតឱ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃសិន។ ចំពោះករណីបើកឬបិទច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត-ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ។ ករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុ ប្រទេសវិញ គឺមានការសម្របសម្រួល ដោយរក្សាឯកភាពឱ្យចេញតាមច្រកអូរបីជាន់ដដែល៕ ដោយ៖ឈុនសារ៉ាត