ខេត្តក្រចេះ បើកកិច្ចប្រជុំស្វែងរកធាតុចូល សម្រាប់ទម្រង់របាយការណ៍ បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន

AKP ក្រចេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ រៀបចំរបាយការណ៍លទ្ធផលការងារចុះជួយមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ កាលពី ព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកធាតុចូលសម្រាប់ទម្រង់របាយ ការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ការដោះស្រាយបញ្ហាដែលប្រឈម និងបង្ហាញពីនីតិវិធីបូកសរុបរបាយការណ៍ ការជំរុញការរៀបចំលេខាធិការដ្ឋាន ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ជាមួយក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានក្នុងខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានបានឱ្យដឹងថា កន្លងមកក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចុះជួយមូលដ្ឋានខេត្តក្រចេះទាំងមូលបានខិតខំបំពេញការងារប្រកបដោយ ស្មារតីទទួលខុសត្រូវ មានឆន្ទៈមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារតីសាមគ្គី សហការ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលទទួលបានការគាំទ្រនិងយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។

ឯកឧត្ដមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានចូលរួមក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកម្មវិធីសំណេះសំណាលផ្សេងៗ ជាមួយនឹងការរៀបចំធ្វើវេទិកាសាធារណៈរបស់ ក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ ដើម្បីប្រមូលបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ របស់ប្រជាពលរដ្ឋបានចំនួន៨៤លើក ដែលមានអ្នកចូលរួមចំនួន ១០៣៨៥នាក់ និងប្រមូល បានបញ្ហាប្រឈម កង្វល់ សំណើ និងទំនាស់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ មូលដ្ឋាន បានចំនួន ៤១៤ករណី  ដោះស្រាយបាន ៣០៨ករណី កំពុងដោះស្រាយ ៨៧ករណី មិនទាន់ ដោះស្រាយ១៩ករណី ដែលផ្នែកជំនាញបានសិក្សានិងលើកសំណើរទៅក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយ និងដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ នៃឆ្នាំបន្ត។

ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំ ការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបាន វាយតម្លៃខ្ពស់ចំពោះលទ្ធផល ការងាររបស់ក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ ដែលបានដោះស្រាយគ្រប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានបានទាន់ពេលវេលា និងមានប្រសិទ្ធភាពស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមបញ្ជាក់ថា គោលបំណងសំខាន់បំផុតក្នុងការបង្កើតក្រុមការងារថ្នាក់ជាតិគឺ ដើម្បីចូលរួមអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ៕ ដោយ៖ ជួន សុជាតិ