មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញមន្ត្រីថ្នាក់​ក្រោមជាតិ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញការងារជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ ដល់មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ឱ្យបន្តរួមសាមគ្គី គ្នា ខិតខំប្រឹងប្រែងបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ថែម​​ទៀត។

ការថ្លែងជំរុញយ៉ាងដូច្នេះរបស់ឯកឧត្តម ស៊ុយ សាន បានធ្វើឡើងនៅក្នុងពិធីប្រកាស​ចូលកាន់មុខតំណែងលោក សុក ចាន់ថា  ​ជាប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្ត  ​បន្ទាយមានជ័យ  ជំនួសលោក  គឹម  សុវណ្ណ  ប្រធានមន្ទីរចាស់  ដែលត្រូវផ្លាស់ប្តូរតួនាទី  ទៅបម្រើការងារថ្មីនៅក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី២២ ខែមិថុនា​ឆ្នាំ២០២០។

ឯកឧត្តម ស៊ុយ សាន បានមានប្រសាសន៍បន្តទៀតថា ដើម្បីអនុវត្តន៍កិច្ចការងារអភិវឌ្ឍន៍ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន លោកប្រធានមន្ទីរថ្មី ត្រូវបង្កើនការយកចិត្តទុកដាក់​អនុវត្តន៍ទៅតាមការណែនាំថ្នាក់ដឹកនាំសំដៅលើការអភិវឌ្ឍនៅក្នុងខេត្ត ការផ្តល់សេវាសាធា​រណៈចាំបាច់ ក្នុងវិស័យដឹកជញ្ជូនផ្សេងៗឱ្យកាន់តែល្អប្រសើរ ទប់ស្កាត់ឱ្យបានរាល់ការដឹក​ទំនិញលើសទម្ងន់កំណត់ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាដើម​។

ឯកឧត្តម ក៏បានជំរុញដល់មន្ត្រីមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្ត ត្រូវបន្តអនុវត្តន៍ លើការងារអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែទូលំទូលាយ ចូលជ្រៅទៅដល់មូលដ្ឋានសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ ដឹងកាន់តែច្បាស់ថែមទៀត ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់​ចរាចរ​ណ៍ឱ្យនៅ កម្រិតទាប ឬឈានទៅលុបបំបាត់ទាំងស្រុងនោះ​។

ឆ្លើយតបចំពោះការទទួលបានមុខតំណែងថ្មី លោក  សុក  ចាន់ថា  ដែលទើបតែងតាំង ជាប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បាន​បង្ហាញការប្តេជ្ញាចិត្ត​ខិតខំអនុវត្តន៍តួនាទីភារកិច្ចឱ្យបានល្អជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ​  ពិសេសការផ្តល់ សេវាសាធារណៈចាំបាច់ក្នុងវិស័យដឹកជញ្ជូនផ្សេងៗឱ្យកាន់តែល្អប្រសើរ៕ ដោយ៖ឈុនសារ៉ាត