ស្ថានទូតជប៉ុន នឹងធ្វើការជ្រើសរើសសិស្ស និស្សិតកម្ពុជា សម្រាប់អាហារូបករណ៍រដ្ឋាភិ​បាលជប៉ុន MEXT ឆ្នាំ២០២១

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការ ជ្រើសរើសសិស្ស និស្សិតកម្ពុជា សម្រាប់បេក្ខភាពអាហារូបករណ៍រដ្ឋាភិបាល​ជប៉ុនMEXT​សម្រាប់ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ស្ថានទូតជប៉ុនប្រចាំ​នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា អាហារូបករណ៍រដ្ឋាភិបាលជប៉ុនគឺជាអាហារូប​ករណ៍ធំជាងគេសម្រាប់សិស្ស និស្សិតទៅសិក្សានៅប្រទេសជប៉ុនដែលផ្តល់ដោយក្រសួង អប់រំជប៉ុន(MEXT)។ បច្ចុប្បន្ន ក្រសួងអប់រំជប៉ុនផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត កម្ពុជា ចំនួន៤ប្រភេទ ដែលមានដូចជាថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់ មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ១៩៩២ សិស្ស និសិ្សតកម្ពុជាជាង៦០០នាក់ បានទទួល​អាហារូបករណ៍MEXTទៅសិក្សានៅប្រទេសជប៉ុន។ សិស្ស ​និសិ្សតទាំងនោះបានបញ្ចប់ការ​សិក្សារបស់ពួកគេនៅប្រទេសជប៉ុនដោយជោគជ័យ ហើយបច្ចុប្បន្នកំពុងចូលរួមចំណែក ដល់សង្គមកម្ពុជា ក្នុងនាមជាអ្នកដឹកនាំនៅក្នុងវិស័យផ្សេងៗ។ សម្រាប់ការជ្រើសរើសនៅ ឆ្នាំនេះ នឹងត្រូវធ្វើឡើងដោយការត្រួតពិនិត្យឯកសារ ប្រឡងវិញ្ញាសាសរសេរ និង​សម្ភាសន៍នៅស្ថានទូតជប៉ុន ហើយការសម្រេចចុងក្រោយនឹងត្រូវធ្វើឡើងដោយការត្រួត​ពិនិត្យឯកសារដោយក្រសួងអប់រំជប៉ុន។

ស្ថានទូតជប៉ុនសង្ឃឹមយ៉ាងមុតមាំថា សិស្ស និស្សិតជាច្រើននឹងដាក់ពាក្យសុំអាហា រូប​ករណ៍MEXT ហើយពួកគាត់ជាច្រើន នឹងត្រូវបានជ្រើសរើសដោយក្រសួងអប់រំ​ជប៉ុន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ជំនួយការផ្តល់ប្រឹក្សាអាហារូបករណ៍ ផ្នែក វប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ០២៣ ២១៧ ១៦១(១១២៣)ឬ scholarship.jpn@pp.mofa.go.jp៕ ដោយ៖ រិទ្ធី