ក្រុមយុទ្ធនាការឃោសនារបស់គណៈបក្សប្រជាធិបតេយ្យសុំឲ្យក្រុមហ៊ុនហ្វេសបុកនិងធ្វីដធឺ លុបចោលការសរសេររបស់លោកត្រំាអំពីរឿងបោះឆ្នោតតាមរយៈប្រៃសណីយ៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៣​.០៦.២០)

អាមេរិក៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណៈបក្សប្រជាធិបតេយ្យរបស់បេក្ខជនយ៉ូបាយដិន​បានសុំក្រុមហ៊ុនហ្វេសបុក និងទ្វីដធឺ លុបចោលការសរសេររបស់ប្រធានាធិបតី លោកដូណល់ត្រំា កាលពីថ្ងៃចន្ទ ដែលក្រុមយុទ្ធនាការបានចាត់ទុកថា ជាការសរសេរប៉ះពាល់ដល់យុទ្ធនាការបោះឆ្នោតតាមរយៈប្រៃសណីយ៍ ។

នៅថ្ងៃចន្ទនេះ លោកត្រំា បានសរសេរជាច្រើនលើកលើទំព័រទ្វីដធឺរបស់លោក រិះគន់គម្រោងការធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនាពេលខាងមុខ ដោយធ្វើតាមរយៈការផ្ញើសន្លឹកឆ្នោតទៅវិញទៅមករវាងអ្នកបោះឆ្នោត និងស្ថាប័នរៀបចំការបោះឆ្នោត តាមរយៈប៉ុស្តប្រៃសណីយ៍ ។

រដ្ឋជាច្រើនបានសម្រេចជ្រើសរើសយកវិធីបោះឆ្នោតនេះ ដើម្បីឲ្យអ្នកបោះឆ្នោតដែលមានការបារម្ភអំពីការឆ្លងកូវីដ ១៩  អាចផ្ញើសន្លឹកឆ្នោតពីផ្ទះបាន ។  លោកត្រំាបានសរសេរថា: “បើពលរដ្ឋអាចចេញទៅធ្វើបាតុកម្មបាន  និងធ្វើអ្វី ៗ  ទៀតបាន  ពលរដ្ឋក៏អាចចេញទៅបោះឆ្នោតបានដែរ  ដើម្បីធ្វើឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវ” ។​