ក្នុង១ឆ្នាំ សហគមន៍ពាមក្រសោប ប្រមូលបានគ្រំចំពុះទាជាង១ម៉ឺនតោន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ក្នុង១ឆ្នាំ សហគមន៍នេសាទផលសមុទ្រនៅពាមក្រសោប ខេត្តកោះកុង ប្រមូលបានគ្រំចំពុះទាពីការចិញ្ចឹមជាង១ម៉ឺនតោន សម្រាប់នាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈទីផ្សារក្នុងស្រុកមិនសូវចាប់អារម្មណ៍លើផលិត ផលវារីវប្បកម្មមួយនេះ។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទសមុទ្រ។

ប្រភពខាងលើបញ្ជាក់ថា ក្នុងឱកាសដឹកនាំក្រុមចុងភៅប្រចាំសណ្ឋាគារ និងភោជនីយដ្ឋានធំៗនៅកម្ពុជា ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមគ្រំចំពុះទានៅសហគមន៍ពាមក្រសោប ខេត្តកោះកុង នាចុងសប្តាហ៍កន្លងមកនេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ប្រជាសហគមន៍នេះ រៀបចំចិញ្ចឹមឱ្យបានល្អ ព្រមទាំងមានការវេចខ្ចប់ឱ្យបានល្អ ដើម្បីបំពេញតាមស្តង់ដារអនាម័យរបស់សណ្ឋាគារ ឬភោជនីយដ្ឋានធំៗ ដែលនឹងបញ្ជាទិញ សំដៅធ្វើយ៉ាងណាទទួលបានតម្លៃទីផ្សារខ្ពស់។

បើតាមការឱ្យដឹងរបស់លោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានបញ្ជាក់ថា គ្រំចំពុះទាមិនទាន់មានទីផ្សារនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយការចិញ្ចឹមរបស់ប្រជានេសាទ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ និងវៀតណាម ដែលគេទិញក្នុងតម្លៃចន្លោះពី ១.០០០រៀល ទៅ ៣.០០០រៀល ក្នុង១គីឡូក្រាម ទៅតាមទំហំ និងរដូវកាលប្រមូលផល។

លោកបានបន្តថា គ្រំសមុទ្រប្រភេទនេះ អាចប្រមូលផលបានចាប់ពីខែតុលា ដល់ខែមេសា បន្ទាប់ពីពួកវាធ្វើការពងកូនក្នុងរយៈពេល៦ខែ ប៉ុន្តែលោកថា គ្រំដែលធំល្អ គឺមានអាយុ១២ខែ នៃការចិញ្ចឹម។

បើតាមការបញ្ជាក់ពីក្រុមចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់ បានឱ្យដឹងថា គ្រំចំពុះ ទានេះមានឱជារសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយគេអាចច្នៃធ្វើម្ហូប ដូចជា៖ ស្លម្ជូរគ្រឿង ឆាក្រៀម ញាំ ឆាក្តៅ ស្ងោជ្រក់ ស្រុះ និងយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុបជាដើម។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង ១០ដុល្លារអាម៉េរិក និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ ៕ ដោយ៖ពេជ្រ ណារិទ្ធ