មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះផ្សព្វផ្សាយ ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩

AKP កំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរីករាលដាលលើពិភពលោក ហើយប្រទេសកម្ពុជាក៏កំពុងតែមានអ្នកឆ្លង និងព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ ក្នុងស្ថានភាពបែបនេះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៅខេត្តបានជំរុញឱ្យមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់នៃការឆ្លងមេរោគនេះដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

នៅព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋសរុប ៥០៦នាក់ ដែលមានប្រជាពលរដ្ឋចំណាកស្រុកសរុប ៣១នាក់ បណ័្ណផ្សព្វ ផ្សាយចំនួន ២១៧សន្លឹក និងប័ណ្ណរូបភាពធំចំនួន៣៦សន្លឹក ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ស្ថិតនៅភូមិសង្គម និងភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកស្រី ឡេង សុខឃីម ប្រធានការិយាល័យសុខភាព និងគ្រប់គ្រងគ្រោះមហន្តរាយបានពន្យល់បន្ថែម ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ មានដូចជា៖ ១-លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល។ ២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្ដាស់ដោយកន្សែង ក្រមា ក្រដាស ឬកែងដៃ។ ៣-ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក ឬផ្តាសាយ។ ៤-ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ ៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ។ ៦-ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារ។

ជាមួយគ្នានោះផងដែរលោកស្រី ឡេង សុខឃីម ក៏បានមានប្រសាសន៍ថា បន្ថែមពីរបៀបលាងសម្អាតដៃជាមួយសាប៊ូ និងទឹក(យ៉ាងហោចណាស់១នាទី)ដើម្បីបង្ការជំងឺកូវីដ-១៩ ដោយចាក់ទឹកផ្សើមដៃទាំងពីរជាមួយទឹកស្អាត ដាក់សាប៊ូលើបាតដៃនិងខ្នងដៃ ដុសសម្អាតបាតដៃម្រាមដៃ និងមេដៃ ដុសសម្អាតខ្នងចង្វែកដៃ និងចុងម្រាមដៃ លាងជម្រះសាប៊ូពីដៃទាំងពីរជាមួយទឹកស្អាត ជូតដៃនឹងកន្សែង ឬក្រមាស្អាត។

លោក នួន សុទ្ធ ជាមន្ត្រីស្តារទំនាក់ទំនងគ្រួសាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា ការធ្វើចំណាកស្រុកកំពុងត្រូវបានគេទទួលស្គាល់ជាបាតុភូតចម្បងមួយដែលកំពុងកើតឡើងនៅទូទាំងពិភពលោក បូករួមប្រទេសកម្ពុជាផងដែរ ។ ដើម្បីទៅដល់គោលដៅចុងក្រោយគេ អ្នកចំណាកស្រុកត្រូវចាកចេញពីប្រទេសកម្ពុជា ឬឆ្លងកាត់ប្រទេសកម្ពុជា ឬប្រទេសដទៃទៀត។ អ្នកចំណាកស្រុកមួយចំនួននឹងមិនអាចរក្សាទំនាក់ទំនងជាមួយគ្រួសារ ឬអាចបាត់បង់ព័ត៌មានសម្រាប់ទំនាក់ទំនងដោយសារការលំបាកផ្សេងៗជួបប្រទះក្នុងអំឡុងពេលធ្វើដំណើរ។ សម្រាប់ការទំនាក់ទំនងព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទលេខ(៨៥៦)២៣ ៨៨១ ៥១១ និងរាជធានីបាងកក ១០១១០ប្រទេសថៃ លេខទូរស័ព្ទ+៦៦(០)២២ ៦២១ ៦៨០៕ ដោយ៖ស៊ុម វណ្ណា