ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពង្រឹងផែនការ គ្រប់គ្រងបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ២កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួង បានដឹកនាំប្រជុំស្តីពីការរៀបចំផែនការពង្រឹងការងារគ្រប់ គ្រងបរិស្ថាននៅកម្ពុជា ឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍដោយចីរភាព។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានឱ្យដឹងបន្តថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានគាំទ្រគំនិតផ្តួចផ្តើមក្នុងការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈវិទ្យាសាស្រ្ត និងសេដ្ឋកិច្ច ដោយផ្អែកលើភាពជាក់ស្តែង សំដៅគាំទ្រដល់កម្មវិធីការងារគោលនយោបាយ និងដំណើរការសម្រេចចិត្តក្នុងការងារគ្រប់គ្រងបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ប្រភពខាងលើដដែលបន្តថា កិច្ចប្រជុំនាពេលនេះបានពិនិត្យ និងពិភាក្សាលើការរៀបចំគំរូគម្រោងយុទ្ធសាស្រ្តកំណត់តម្លៃកាកសំណល់ (Waste Pricing Strategy) និង គម្រោងគំរូអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព (Sustainable Community Development Model)។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមទីប្រឹក្សា និងមន្រ្តីជំនាញក្រសួងបរិស្ថាន និងមានការចូលរួមធ្វើបទអន្តរាគមន៍ពីតំណាង មជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងគោលនយោបាយនវានុវត្តន៍ Center for Strategy and Innovation Policy ផងដែរ ៕ ដោយ៖ពេជ្រ ណារិទ្ធ