ប្រមុខរាជរដ្ឋាភិបាលប្រកាសរក្សាទុកព្រលានយន្តហោះបច្ចុប្បន្នទុកដដែល បើទោះបីជា​ព្រលានយន្តហោះអន្តរជាតិថ្មីបើកដំណើរក៏ដោយ

AKP កណ្ដាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានប្រកាសថា ព្រលានយន្តហោះពោធិ៍ចិនតុង (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន) នៅរក្សាទុកដដែល ទោះបីជាព្រលានយន្តហោះអន្តរជាតិថ្មីសាងសង់រួចបើកដំណើរការក៏ដោយ។

ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែល​​មានទីតាំងនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងចំពោះចម្ងល់ និងការលើកឡើងរបស់មតិមួយចំនួនថានៅពេលព្រលានយន្តហោះថ្មីធ្វើរួចហើយ នឹងបិទព្រលានយន្តហោះចាស់ គឺមិនបិទនោះទេ ។

សម្តេចតេជោ​បានគូសបញ្ជាក់ថាព្រលានយន្តហោះចាស់ត្រូវទុកនៅជាព្រលានយន្តហោះដដែល ប៉ុន្តែមុខងាររបស់វាទី១. ជាព្រលានយោធាកងទ័ព  ទី២. ទុកសម្រាប់ការហោះហើរ ផ្ទៃក្នុងប្រទេស ទី៣. ប្រើសម្រាប់ដឹកជញ្ជូនសម្ភារ ទំនិញសម្រាប់ផ្លូវអាកាស ទី៤. ការចុះចតសម្រាប់ព្រះមហាក្សក្រ  នាយករដ្ឋមន្ត្រី  ប្រមុខរដ្ឋជាភ្ញៀវ និងទុកសម្រាប់ជាកន្លែងចតយន្តហោះ។ អីច្ចឹអ្នកខ្លះគេនិយាយថា ពោធិចិនតុងអាចក្លាយជាទីក្រុងរណបថ្មីនោះគឺអត់ទេ។

សម្តេចតេជោក៏បានលើកឡើងផងដែរថា នៅពេលខាងមុខក៏នឹងមានការបង្កើតព្រលានយន្តហោះនៅខេត្តបាត់ដំបង និងខេត្ដរតនគិរី  ជាដើម។

 សម្តេចតេជោសង្ឃឹមថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់  ឯកឧត្ដមអភិបាលខេត្តកណ្តាល  ឯកឧត្ដមអភិ បាល​​ខេត្តតាកែវ  និងឯកឧត្ដមអភិបាលរាជធានីភ្នំពេញ នឹងខិតខំដោះស្រាយ ធ្វើយ៉ាងណា​ឱ្យ​ព្រលានយន្តហោះថ្មីនេះរួចរាល់ តាមការគ្រោងទុកនៅឆ្នាំ២០២០៣ ខាងមុខ៕ ដោយ៖ប៊ុនរិទ្ធ