សម្ដេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន៣ កំពុងសាងសង់ព្រមគ្នា

AKP កណ្ដាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីជាមានជំងឺកូវីដ-១៩​កំពុងវាយលុកនៅបណ្តាប្រទេសនានាលើសកលលោក​ រួមទាំង​ប្រទេសកម្ពុជាយ៉ាងណាក្តី ក៏អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា​ចំនួន៣​នៅតែ​សាងសង់​ជាធម្មតា ។

ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែល​​​មាន​ទីតាំងនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិ​ចំនួន៣ព្រម​គ្នា ទោះបីជាមានជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្ដេចតេជោបានបញ្ជាក់ថា ព្រលានយន្តហោះ​អន្តរជាតិដែលកំពុងសាងសង់នោះ រួមមានព្រលានយន្ដហោះអន្តរជាតិខេត្តកណ្តាល  ព្រលាន​យន្តហោះអន្តរជាតិ​ខេត្តសៀម​រាប  និងព្រលានយន្តហោះអន្តរជាតិកងកេង នៅក្នុងខេត្តព្រះ​សីហនុ។

សម្តេចតេជោបន្តថា ទោះបីជាមានមតិមួយចំនួនលើកឡើងថា ហេតុអ្វីកម្ពុជាចាំបាច់​សាងសង់ព្រលានយន្តហោះទាំងនោះធ្វើអ្វី បើជំងឺកូវីដ-១៩កំ​ពុងវាយលុកនៅលើបណ្តា​ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងនោះ។ ចំណុចនេះសម្តេចតេជោបានថ្លែង​បញ្ជាក់​ថា ការសាងសង់មិនប៉ះពាល់ដល់ក្រុមហ៊ុនដែលសាងសង់នោះទេ ហើយជាទូទៅ​នៅកម្ពុជាមិនទាន់មានក្រុមហ៊ុនណាមួយបិទ ឬក្ស័យធននោះទេ ជាក់ស្តែងដូចក្រុមហ៊ុនកំពុង​សាង​សង់ព្រលានយន្តហោះចំនួន៣ខាងលើនេះ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា បើតាមគម្រោង ការសាងសងព្រលានយន្ដ​ហោះអន្តរជាតិក្នុង​ខេត្តកណ្តាល អាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ  ដោយព្រលាន​យន្ត​ហោះនេះនឹងអាចយឱ្យន្តហោះខ្នាតធំចុះចូលចតបាន​ដោយមិនចង្អៀតនោះទេ៕ ដោយ៖ ប៊ុនរិទ្ធ