ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអះអាងថា រថយន្តចំនួន២៩០គ្រឿង ដែលទិញពីចិន​មិនបាន ចំណាយ​ថវិកាជាតិ១សេននោះទេ

AKP កណ្ដាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា រថយន្តចំនួន២៩០ គ្រឿង ដែលទិញយកមកពីប្រទេសចិនកាលពេលថ្មីៗនេះ​មិនបាន​ចំណាយ​ថវិកាជាតិអស់មួយរៀលនោះទេ ពោលគឺមិនដូចការលើកឡើងរបស់មតិប្រឆាំងមួយចំនួន​ឡើយ។ ការអះអាងរបស់សម្តេចតេជោនេះ ​បន្ទាប់ពីមានមតិមួយចំនួនបានលើក​ឡើងថា​រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការជាតិទៅទិញរថយន្តដោយមិនចាំបាច់ ខណៈប្រទេស  កំពុងតែរងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដោយសារជំងឺកូវីដ-១៩។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែល​មាន​ទីតាំងនៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមបញ្ជាក់ថាទិញរថយន្តពីប្រទេសចិន២៩០គ្រឿង​នេះ​ខ្ញុំបានបញ្ជាទិញយូរ​ហើយពោលគឺតាំងពីរពេលទឹកជំនន់បានប្រហារភូមិប្រជាជននៅជាប់ព្រំដែនជាមួយប្រទេសឡាវមកម្ល៉េះ ហើថវិកានោះមិនបានចំណាយថវិកាជាតិមួយរៀលទេ។ សុំបញ្ជាក់ ថវិការនោះ​បាន​មកពីខ្ញុំអំពាវនាវដល់សប្បុរសជនគេជួយបន្តិចៗម្នាក់”។

សម្តេចតេជោក៏បានបង្ហាញពី​មូលហេតុដែលនាំឱ្យបញ្ជាទិញរថយន្តពីប្រទេសចិននោះ​ គឺចាប់ផ្តើមពីសម័យថ្ងៃ​មួយមាន​ទឹកជំនន់ទន្លេមេគង្គបានបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ដែលប៉ះពាល់ដល់ស្រុក​ថាឡា​បរិវ៉ាត់ ក្នុងខេត្ដស្ទឹងត្រែង របស់កម្ពុជាជាប់ព្រំដែនឡាវ។ ក្នុងពេលនោះកងកម្លាំងភូមិភាគ១ បានចល័តកងទ័ពប្រមាណជាង១,០០០នាក់ដើម្បីជួយសង្គ្រោះប្រជាជនដែលត្រូវលិចលង់។

សម្តេចតេជោបានបន្ដថា អ្វីដែលលំបាកនៅពេលនោះគឺពិបាកសង្គ្រោះប្រជាពលរដ្ឋ ហើយ​ភាពលំបាកទៀតគឺការដឹកជញ្ជូនប្រជាពលរដ្ឋពីកន្លែងនោះ ពិសេសនោះក្មេងៗ និងមនុស្ស​ចាស់ត្រូវដឹកជម្លៀសយកចេញមុន។ ប៉ុន្តែពេលនោះមធ្យោបាយដឹកជញ្ជូនមានស្តួច​ស្តើង​ណាស់។

សម្ដេចតេជោបានបន្ថែមថា “អីច្ចឹងខ្ញុំគិតថាមិនប្រើប្រាស់ថវិកាជាតិទេ គឺខ្ញុំប្រើ​ចលនា​សប្បុរសជននានា ដើម្បីរកវិធីបំពាក់មធ្យោបាយទៅថ្នាក់យុទ្ធភូមិភាគ បណ្តាកង់ពល​នៅខាងលើដែលមានកងពលលេខ៩៩ និង៩០របស់ក្រសួងការពារជាតិ ។ អីញ្ចឹងទេខ្ញុំបញ្ជាក់ ថាយើងមិនបានប្រើប្រាស់ថវិការដ្ឋសូម្បី១សេន ប៉ុន្តែនយោបាយរបស់ខ្ញុំគឺខឿនការពារប្រជា ជន។ អីច្ចឹងមិនមែនជារឿងថ្មីទេ ដែល ហ៊ុន សែន ធ្វើរឿងនេះជោគជ័យណាស់។”

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា ការធ្វើចលនាសប្បុរសជននេះ​មានការ​គំាទ្រពីវិស័យឯកជនយ៉ាងខ្លាំង ដូច្នេះបានជាមានអង្គភាពចងសម្ព័ន្ធភាពរវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល។ កាធ្វើចងសម្ព័ន្ធភាពបានធ្វើឱ្យមានការផ្សាភ្ជាប់រវាងក្រុមហ៊ុន​ជាមួយ​កងទ័ព  និងជាមួយប្រជាជនដោយមិនដាច់ពីគ្នា រហូតដល់មានក្រុមហ៊ុនខ្លះបានធ្វើ​សម្ព័ន្ធភាព​ជាមួយនគបាលនៅតាមព្រំដែនទៀតផង។

សម្តេចតេជោក៏បានឆ្លើយតបទៅកាន់ក្រុម​ប្រឆាំង​ដែលរិះគន់យុទ្ធសាស្ត្រនយោបាយរបស់សម្តេចថា បើមិនតិរិច្ឆានទេគួរណាស់ទទួល​ស្គាល់​ថា​រថយន្តដែលបានបំពាក់ឱ្យកងកម្លាំងប្រដាប់អាវុធនេះវាជាមធ្យោបាយជាតិ មិនគ្រាន់តែការ​ពារជាតិទេ តែការដឹកជញ្ជូននេះបានដឹកមនុស្ស   ឬត្រូវដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់​នៅកន្លែង​ណាមួយផង។

សម្ដេចតេជោបានបន្ថែមទៀតថា ចំនួនរថយន្តដែលបំពាក់ឱ្យកងទ័ពបច្ចុប្បន្ន​នៅមានចំនួនតិចណាស់គឺជាង២០០គឿង ហើយសម្តេចចង់ឱ្យមានច្រើនជាងនេះ បើប្រៀប​ធៀបនឹងសម័យសាធារណរដ្ឋ សូម្បីតែមួយកងពលមានរថយន្តជិត២០០គ្រឿងឯណោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា “និយាយពីឥឡូវនេះមិត្តចិនបានផ្តល់​រថយន្តឱ្យខ្ញុំ១៥៧គ្រឿងកំពុងប្រើប្រាស់ហើយរថយន្តថ្មីៗដែលទើបមកនេះនឹងត្រូវបញ្ជូនទៅយុទ្ធភូមិភាគ។ ប៉ុន្តែរថយន្តជាង២០០ គ្រឿងមុននោះបានប្រើប្រាស់ដោយកងទ័ពទៅ​ដឹកប្រជា​ពលរដ្ឋមកពីប្រទេសថៃដោយរថយន្តនោះមានអង្ករ  ឆ្នាំង ដើម្បីផ្ដល់ឱ្យផងដែរ”៕ ដោយ៖ ប៊ុនរិទ្ធ