ប្រជាពលរដ្ឋខ្វះខាត១១០គ្រួសារនៅស្រុកស្វាយចេក និង ភ្នំស្រុកទទួលបាន​អំណោយ ស្បៀងអាហាររដ្ឋបាលខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមិថុនា​ឆ្នាំ២០២០–

ប្រជាពលរដ្ឋខ្វះខាតចំនួន១១០គ្រួសារ នៅក្នុងមូលដ្ឋានស្រុកស្វាយចេក និងស្រុកភ្នំ​​ស្រុកទទួលបាន​អំណោយស្បៀងអាហាររបស់រដ្ឋ បាលខេត្តបន្ទាយមានជ័យ សម្រាប់ជួយ​សម្រាលដល់ជីវភាពរស់នៅបានមួយរយៈ ក្នុងស្ថាន ភាពនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​រួមនឹងក្រុមការងារកាលពីថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃ​ទី២១ មិថុនា ឆ្នាំ២០២០ បាននាំ យកអំណោយ​ទៅចែកដល់ប្រជាពលរដ្ឋខ្វះខាតមាន ចំនួន ៦០គ្រួសារ នៅឃុំស្លរក្រាម ស្រុក ស្វាយចេក​ និង៥០គ្រួសារ នៅឃុំណាំតៅ និងឃុំភ្នំដី ក្នុងស្រុក​ភ្នំស្រុក ដោយក្នុងមួយគ្រួសារៗ ទទួលបាន  អង្ករ ២០គីឡូក្រាម, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកបរិសុទ្ធ ០២យួរ, ត្រីខ ០១យួរ, មី ០១កេស, អំបិល ០,៥គីឡូក្រាម, ប៊ីចេង ០,៥គីឡូក្រាម , សាប៊ូ ០២ដុំ, មួក ០១ និងថវិកា ១ម៉ឺនរៀល។

ថ្លែងនៅក្នុងពិធីចែកអំណោយនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែនជា នាយករដ្ឋមន្ត្រី ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្ដេចទាំង​ទ្វេតែងតែគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពល រដ្ឋជាខ្លាំង ដោយមិនទុកឱ្យបងប្អូនណាម្នាក់រងការលំបាក ដោយអត់ឃ្លាននោះឡើយ។ សម្ដេចទាំងពីរតែងតែចាត់ឱ្យក្រុមការងារចុះជួយដល់បងប្អូនប្រជាពលរដ្ឋ​ដល់មូលដ្ឋានផ្ទាល់ ដើម្បីដោះស្រាយរាល់ការលំបាកដែលបងប្អូនកំពុងជួបប្រទះបានទាន់​ពេលវេលា។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ការចុះជួយដោះស្រាយទុក្ខលំបាកជូនបងប្អូនមិនមាន​ការប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬពូជសាសន៍ឡើយ ពោលគឺតែងតែចុះជួយនៅ​ពេលបងប្អូនជួបការលំបាកដោយមិនឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារបរិភោគនោះទេ។

ជាមួយគ្នានោះដែរ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបន្តក្រើនរម្លឹកដល់បងប្អូន ប្រជាពលរដ្ឋ​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ដែលមិនទាន់ មានការធូរស្បើយនៅឡើយទេ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យឱ្យ បាន​​ខ្ពស់ដោយត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិ បាល ដោយត្រូវលាងសម្អាតដៃ ឱ្យបានជាប់ជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជេល។

ឯកឧត្តមអភិបាលខេត្ត ក៏នៅបានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវងាក មកដាំដុះបន្លែបង្ការ ឬចិញ្ចឹមត្រីសត្វជាដើម ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ថែមទៀតនោះ ៕​ ដោយ៖ ឈុន សារ៉ាត