រដ្ឋមន្ត្រីក្រសួងសាធារណការ ជិះកង់សាកសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋ នៅស្រុកកោះធំ

AKP កណ្តាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០–

នៅថ្ងៃអាទិត្យ ១កើត ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ បានដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការក្រសួងជិះកង់ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយតាកែវ និងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលកំពុងរង់ចាំទទួលស្វាគមន៍នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានក្រើនរម្លឹកបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែស និងភ្លេចខ្លួនចំពោះជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ព្រមទាំងបានណែនាំពួកគាត់ឱ្យប្រកាន់ខ្ជាប់នូវអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

ការជិះកង់ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាឈ្វេងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ថាតើមានការរីកចម្រើនដល់កម្រិតណា ជាពិសេសឈ្វេងយល់អំពីជីវភាពរបស់ពួកគាត់ក្នុងស្ថានភាពមានជំងឺកូវីដ-១៩។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៤០០គ្រួសារ នៅភូមិទាំង២០ ស្ថិតក្នុងឃុំជ្រោយតាកែវ និង ឃុំឈើខ្មៅ ស្រុកកោះធំ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)