អ្នកជំនាញសេដ្ឋកិច្ចអះអាងពីវិស័យសំខាន់ៗចំនួនបី ដែលកម្ពុជាត្រូវធ្វើដើម្បីស្តារសេដ្ឋកិច្ចក្រោយចប់វិបត្តិកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា វិស័យសំខាន់ៗចំនួន៣រួមមាន៖ វិស័យ ទេសចរណ៍ក្នុងស្រុក វិស័យកសិកម្មនិងជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម គឺជា វិស័យដែលកម្ពុជាគួរតែស្តារឡើងវិញ ដើម្បីស្តារនូវសេដ្ឋកិច្ចរបស់កម្ពុជាដែលរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ១៩។

ថ្លែងក្នុងវេទិកាតុមូលពិភាក្សាពី ការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលរៀបចំឡើងរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានផ្តល់ជាទស្សនទាន ថា កម្ពុជាត្រូវស្តារទេសចរណ៍ក្នុងស្រុកនិងត្រូវកែច្នៃកសិកម្មរបស់យើងឱ្យទៅជាកសិកម្ម គាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ។

ព្រមជាមួយនេះ កម្ពុជាគួរកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាងណាឱ្យអាចមានការ ឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន។

សម្រាប់លោកបណ្ឌិត វិបត្តិកូវីដ១៩ ធ្វើឱ្យវិស័យទេសចរណ៍ពីក្រៅប្រទសមានការ ជាប់គាំង ដែលមិនអាចជួយស្រោចស្រង់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែងទេសចរ ក្នុងស្រុកប្រមាណជាង១១លាននាក់គឺជាកូនសោគន្លឹះក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ឡើងវិញ បើមិនរុញទេសចរណ៍ក្នុងស្រុកទេ គឺសេដ្ឋកិច្ចត្រូវតែគាំង។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋ កិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះថា នឹងថយចុះ.៩ភាគរយ ប៉ុន្តែនឹងកើនឡើងវិញនៅ ឆ្នាំ២០២១ ក្នុងអត្រា៣.៥ភាគរយ៕

ដោយ ចាន់ សុធីវង្ស