អង្គការ WCS និងរដ្ឋបាលជលផល លែងកូនកន្ធាយក្បាលកង្កែបចំនួន១០០ក្បាល ទៅក្នុងជម្រកធម្មជាតិនៃដងទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០–

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ចំនួន១០០ ក្បាល ចូលក្នុងជម្រកធម្មជាតិនៃដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីលែងកូនកន្ធាយក្បាលកង្កែបនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំគណៈប្រតិភូ និង មានការចូលរួមផងដែរពីលោកអភិបាលរងខេត្តក្រចេះ តំណាងរដ្ឋបាលជលផល ខណ្ឌជល ផលខេត្តក្រចេះ ទីភ្នាក់ងារជំនួយអាម៉េរិក USAID គម្រោងព្រៃឡង់បៃតង (USAID-GPL) សមាជិកសហគមន៍នេសាទ ក្រុមអ្នកការពារសំបុកល្មិច ឆ្មាំទន្លេ និងអង្គការ  WCS។

បច្ចុប្បន្ន អង្គការ WCS កំពុងអនុវត្តន៍ «គម្រោងអភិរក្សកន្ធាយក្បាលកង្កែប» នៅតាម ដងទន្លេមេគង្គស្ថិតក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ គម្រោងនេះ គាំទ្រដោយសហភាពអឺរ៉ុប សួនសត្វព្រៃស៊ីងហ្គាពួរ (WRS) USFWS.  Margaret A. Cargill Philanthropy និង Turtle Survival Alliance (TSA)៕ដោយ ណយ នឿន