ក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូចុះពិនិត្យ ការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលនេសាទនៅខេត្តកោះកុង

AKP កោះកុង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្ដម នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានដឹកនាំគណៈ​ប្រតិភូក្រសួងបរិស្ថានរួមទាំងអ្នកសារព័ត៌មាន និងចុងភៅប្រចាំសណ្ឋាគារឡឺរ៉ូយ៉ាល់​មួយ​ក្រុម ចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលនេសាទនៅខេត្ត​កោះកុងចាប់​ពីថ្ងៃ​ទី១៨-២០ ខែ មិថុនា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ឯកឧត្ដម នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង បរិស្ថានបានឱ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចខេត្តកោះកុងនេះដែរ គណៈប្រតិភូ នឹង ចុះពិនិត្យការចិញ្ចឹមខ្យងចំពុះទានៅតាមតំបន់សហគមន៍មួយចំនួនក្នុងខេត្តកោះកុង ដោយ​​ក្នុង​នោះគណៈប្រតិភូនឹងជួបជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ ជាពិសេស​ជួប​ផ្ទាល់ជាមួយអ្នកចិញ្ចឹមខ្យងចំពុះទាតែម្តង។ ក្រៅពីនេះគណៈប្រតិភូក៏នឹងជួបជាអ្នកផលិត គី អ្នកកែច្នៃបង្គាក្រៀម អ្នកចិញ្ចឹមត្រីស្ពង់ ជាដើម។

ឯកឧត្ដម នេត្រ ភក្រ្តា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក្នុងគោល​បំណង​សំខាន់គឺការឈ្វេងយល់ពីផលិតផលសមុទ្រ ការរកទីផ្សារនិងចំណូលរបស់ប្រជា​ពលរដ្ឋ​សហគមន៍ដើម្បីសំដៅធ្វើយ៉ាងណាឈ្វេងយល់ពីបញ្ហាប្រឈម, ការដោះស្រាយ​បញ្ហាមួយ​ចំនួន ជាពិសេសជំរុញលើកទឹកចិត្តដោយធ្វើយ៉ាងណាឱ្យការប្រកបរបររកស៊ី​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះគណៈប្រតិភូនឹងអញ្ជើញ ជួបជាមួយមន្រ្តីអាជ្ញាធរឃុំ សហគមន៍តំបន់​ការពារ​ធម្មជាតិ និងសហគមន៍កែច្នៃផល នេសាទស្ថិតនៅឃុំពាមក្រសោប ខេត្តកោះកុង​ផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ប្រការដែលគណៈប្រតិភូបានអញ្ជើញ​ក្រុមចុង​ភៅប្រចាំសណ្ឋាគារឡឺរ៉ូយ៉ាល់ ទៅជាមួយនេះដោយមានគោលបំណងសំខាន់ចង់ឱ្យ សណ្ឋាគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជាបានសិក្សាឈ្វេង​យល់ពីប្រភេទ​ខ្យងចំពុះ ទារបស់កម្ពុជា ហើយអាចប្រមូលទិញទិន្នផលរបស់​ប្រជា​សហ​គមន៍មកធ្វើម្ហូបប្រចាំ សណ្ឋាគាររបស់ខ្លួន ដែលជាការមួយជួយលើកកម្ពស់តម្លៃការលក់ ក៏ដូចជាជួយលើក​ស្ទួយ​ជីវភាពរបស់ពួកគាត់។ ឯកឧត្ដមបានលើកឡើងថា កន្លងមកប្រជាសហគមន៍​ដែល​បានចិញ្ចឹមខ្យងចំពុះទាលក់​នៅខេត្តកោះកុងនេះបាននាំចេញទៅលក់ឱ្យប្រទេសជិតខាង​ក្នុងតម្លៃមួយទាប ហេតុនេះ​ដោយមើលឃើញពីគុណប្រយោជន៍របស់ខ្យងមួយប្រភេទនេះ និងពិសេសចង់លើក​ស្ទួយ​ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ផង ក្រសួងបរិស្ថាន បានទាក់ទាញបណ្តាសណ្ឋាគារធំៗនិងភោជនីយដ្ឋានល្បីៗនៅកម្ពុជាចូលរួមទិញខ្យងទាំងនេះមកធ្វើជាមុខម្ហូបរបស់ខ្លួន ដែលមិនត្រឹមតែជាមុខម្ហូបល្បីឈ្មោះនៅអន្តរជាតិទេ វាថែម​ទាំងអាចក្លាយជា​មុខម្ហូបដែលមានរស់ជាតិឆ្ងាញ់ពិសា សម្រាប់ប្រចាំហាងរបស់គេនៅ​ថ្ងៃ​ខាងមុខផង។

ឯកឧត្ដមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា “ខ្យងមួយប្រភេទនេះនៅ​បរទេស​គេល្បី​ល្បាញឈ្មោះណាស់ វាមានរស់ជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាយើងវិញ ពល រដ្ឋយើងហាក់មិនសូវស្គាល់ទេ។ ហេតុនេះ ក្រសួងនឹងទាក់ទាញឱ្យភោជនីយដ្ឋានប្រចាំ​សណ្ខាគារល្បីៗ និងភោជនីយដ្ឋានធំៗនៅកម្ពុជាចាប់អារម្មណ៍មកបង្កើតមុខម្ហូបនេះ ដើម្បី ធ្វើយ៉ាងណាឱ្យប្រជាសហគមន៍ចិញ្ចឹមខ្យងចំពុះទាបានទទួលទីផ្សារកាន់ធំ និងអាចពង្រីក​មុខរបរនេះកាន់តែច្រើនដែលជួយឱ្យជីវភាពរបស់ពួកគាត់ធូរធា”។

លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សសមុទ្រនិងតំបន់ឆ្នេរ នៃក្រសួង​បរិស្ថានបានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជាទីតាំងដែលមានខ្យងចំពុះទានេះ គឺមាន៣​កន្លែងក្នុងខេត្តកោះកុងដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺ ទី១ មុខ​លំហ ពាមក្រសោបចាស់ ទី២ នៅកោះកាង និងទី៣ចំណុចឡាំដាំ ជាប់នឹង​ឈូងជ្រោយ​ប្រស់។

គួរបញ្ជាក់ថា​ ខ្យងចំពុះទាប្រជាសហគមន៍នៅខេត្តកោះកុង អាចចិញ្ចឹមលក់ក្នុង មួយគីឡូក្រាម ថ្លៃត្រឹមតែ២,៥០០ ដល់៣,០០០រៀលប៉ុណ្ណោះ ខណៈការលក់នៅ​បរទេស​មានតម្លៃខ្ពស់ដែលមានចាប់ពីជិត១០ដុល្លារឡើងទៅ៕ដោយ៖រិទ្ធី