សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីប្រារព្ធពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយសម្តេចម៉ែ គម្រប់៨៤ យាងចូល ៨៥ព្រះវស្សា

AKP រតនគិរី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយ​ព្រះពរ​ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព​សេច​ក្តីថ្លៃថ្នូ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ព្រះវស្សា។ ពិធីចម្រើនមង្គលដ៏ថ្លៃថ្លានេះ បានប្រារព្ធធ្វើឡើងនៅពុទ្ធសីម៉ាវត្តឦសាន​រតនារាម​​ហៅវត្តភ្នំស្វាយស្ថិតក្នុងភូមិភ្នំស្វាយ​ សង្កាត់បឹងកន្សែង​ ក្រុងបានលុងដោយមានការ​អញ្ជើញចូលរួមរបស់ឯកឧត្តម​ ថង​ សាវុន អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហម​ខេត្តរតនគិរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ឯកឧត្តម ថង សាវុន តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាក​បាទក្រហម​កម្ពុជា​ខេត្តរតនគិរី ព្រមទាំងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទ​ក្រហមកម្ពុជាខេត្តទាំងអស់ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទ សាធុការ បវរសួ​ស្ដី សិរីមង្គល វិបុលសុខ ជាមួយនឹងមនោសញ្ចេតនា កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយ​ព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។ ​ឯកឧត្ដមអភិ​បាលខេត្ដបានលើកឡើងថា ក្នុងនាមសាខាកាកបាទ​ក្រហមកម្ពុជាខេត្តរតនគិរី សូមចង់ចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុង្គ​ឧត្តម​យាងដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជ​បូជនីយកិច្ចជាប្រវត្តិសាស្ត្រដ៏គួរឱ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខ​សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្រប់វិស័យ ហើយដែលនេះជាព្រះគំរូវីរៈភាព​នៃ​មាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។

ដោយគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុង នាម​ប្រធានសាខា ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាខេត្តរតនគិរី សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតា​ថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់​ព្រះអង្គ ព្រះបារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបតទៅ៕

ដោយ ណយ នឿន (ប្រភព៖មន្ទីរព័ត៌មានខេត្តរតនគិរី)