អភិបាលរងខេត្តនាំពូជស្រូវផ្ការំដួលចំនួន ២តោន ជូនប្រជាកសិករចំនួន ១០០គ្រួសារ នៅស្រុកកោះញែក

AKP មណ្ឌលគិរី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយមន្ទីរអង្គ ភាព ពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកពូជ ស្រូវផ្ការំដួលចំនួន២តោន របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផ្តល់ជូនប្រជាកសិករ ចំនួន ១០០គ្រួសារ ស្ថិតនៅឃុំសុខសាន្ត និងឃុំរយ៉ ស្រុកកោះញែក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

លោក ជាក់ ម៉េងហ៊ាង បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យ កសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើនកម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសសម្រាប់ប្រជាកសិករនៅស្រុកកោះញែក ដែលមានផ្ទៃដី​ដាំដុះស្រូវស្រែវស្សាច្រើនជាងគេ ក្នុង ក្រុង ស្រុកទាំង៥ក្នុងខេត្ត។ លោកអភិបាលរងខេត្ដ​បាន​បន្ដថា រដូវនេះ ជារដូវវស្សាដែលប្រជាកសិករ ដែលមានផ្ទៃដីដាំដុះដំណាំស្រូវ ត្រូវត្រៀមក្នុង​ការភ្ជួរ​រាស់ដីស្រែឱ្យបានស្អាត និងត្រូវចេះជ្រើសរើសពូជដែលល្អ ធន់នឹងអាកាសធាតុ ជាពិសេសត្រូវសាបព្រោះឱ្យទាន់ពេលវេលា ចៀសវាងទុកដីទំនេរចោល។ លោក អភិបាលរង​ខេត្តបញ្ជាក់ថា ដើម្បីជាការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ ក្នុងការដាំដុះ និងការបង្កបង្កើនផល នៅរដូវវស្សានេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត ក៏បានផ្តល់ពូជស្រូវផ្ការំដួល ជូនដល់ប្រជាកសិករនៅឃុំចំនួនពីរ ក្នុងស្រុក​កោះញែក ដើម្បីឱ្យកសិករមានពូជស្រូវល្អ យកទៅដាំដុះឱ្យទាន់ពេលវេលា។ ម្យ៉ាងទៀត គ្រាប់ពូជស្រូវផ្ការំដួលនេះ ជាប្រភេទពូជស្រូវល្អ ត្រូវយកទៅសាបព្រោះ ទៅតាមបច្ចេកទេស ដែលមន្រ្តីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការណែនាំ ដើម្បី​ទទួលបានទិន្នផលល្អ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មន្ទីរតែងតែចែកពូជដំណាំហូបផ្លែ និងពូជស្រូវល្អៗ ជូនដល់​ប្រជាកសិករនៅទូទាំងខេត្ត ជាក់ស្តែង ប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅឃុំចំនួនពីរ គឺឃុំសុខសាន្ត និងឃុំរយ៉ ក្នុងស្រុកកោះញែក នាពេលនេះ ក្នុងមួយគ្រួសារទទួលបានពូជ​ស្រូវផ្ការំដួលចំនួន២០គីឡូក្រាម និងសម្ភារការពារជំងឺកូវីដ-១៩មួយចំនួនទៀត។ លោក ប្រធាន​មន្ទីរបានបន្ដថា គិតចាប់ពីដើមរដូវវស្សាមកត្រឹមថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០នេះ ផ្ទៃដីភ្ជួររាស់អនុវត្តន៍បាន ១៣.០៧៤ហិកតា លើសឆ្នាំមុន ៦.៩៦៦ហិកតា៕

ដោយ ណយ នឿន (ប្រភព៖មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)