អាជ្ញាធ​រាជធានី​ភ្នំពេញ យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កាយ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​

AKP ភ្នំពេញ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០
​ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​កាយ​ប្រឡាយ​អម​ផ្លូវជាតិ​លេខ​៤ និង​នៅ​តំបន់​មុខ​សាលាក្តី​ខ្មែរក្រហម ដើម្បី​ស្តារ​ប្រឡាយ​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៤​នេះ​ឱ្យបាន​ជ្រៅ ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​។

​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខណ្ឌ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា មូលហេតុ​ដែល​តំបន់​ទាំងនេះ​រង​ការ​ជន់​លិច​ដោយសារតែ​ការរង​ផ្ទៃ​ទឹក​ហូរ​ពី​ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​បណ្តា​ប្រឡាយ​រង​តូចៗ​មួយចំនួនទៀត​បាន​គោក​រាក់ និង​ការរំលោភ​ចំណី​ប្រឡាយ​ពី​ប្រជាពលរដ្ឋ​។ ឯកឧត្ដម​បាន​បន្ដថា អាជ្ញាធរ​នឹង​ព​ន្លឿ​ន​ការដោះស្រាយ​ការ​ជន់​លិច​នៅ​តំបន់​នេះ​ឱ្យបាន​លឿន​ដែល​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​និង​ការរំខាន​ការធ្វើដំណើរ​ជា​ដើម។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា នេះ​គឺជា​មធ្យោបាយ​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​នៅ​តំបន់​នេះ​ឱ្យមាន​ប្រសិទ្ធភាព​មន្ទីរ​បាន​កាយ​ភក់​ចេញពី​បាត​ប្រឡាយ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​សាលាក្តី​ខ្មែរក្រហម មកដល់​ផ្លូវ​រថភ្លើង បន្ទាប់មកទៀត​មក​ផ្នែក​ខាងជើង​ស្តារ​ប្រឡាយ​តាម បណ្តោយ​ផ្លូវ​រថភ្លើង​ឆ្ពោះទៅ​មហាវិថី ឈ្នះ ឈ្នះ ចាក់​ទៅ​បឹង​តា​មោក ទំនប់​កប់​ស្រូវ​។ លោក​បាន​បន្ដថា ចំណែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៤​វិញ​នឹងត្រូវ​ស្តារ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ឆ្ពោះទៅ​ប្រឡាយ​តា​ហោ​ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត និង​ប្រឡាយ​មួយទៀត​តាមផ្លូវ​ជាតិ​លេខ​៣ ឆ្ពោះទៅ​បឹង​ជើងឯក​។ លោក​បាន​បន្ថែមថា គម្រោង​នេះ​នឹង​ជួយ​រំដោះ​ទឹក​ហូរ​បាន​លឿន​ជាង​មុន កាត់បន្ថយ​បានការ​ជន់​លិច​។

​សូមបញ្ជាក់ថា​ផងដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សិក្សា​ជាមួយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដើម្បី​បង្កើត​ប្រព័ន្ធ​ស្ទាក់​ទឹក​ពី​ខេត្តកំពង់ស្ពឺ​ឱ្យ​ហូរ​ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត​តែម្តង ដែល​អាច​កាត់បន្ថយ​កុំឱ្យ​ទឹក​ហូរ​ចូលមក​រាជធានី​ភ្នំពេញ​បង្កឱ្យមាន​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​៕​ដោយ សួស សំរិត​