ក្រុមហ៊ុន​ឯកជន​ពីរ​រួមគ្នា​ផ្តល់​អង្ករ​ចំនួន​៨​តោន ជូន​រដ្ឋបាល​ខេត្តសៀមរាប​

AKP សៀមរាប ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០
ក្រុមហ៊ុន​ស៊ូ​មេឃ និង​ក្រុមហ៊ុន xinxing នៃ​ប្រទេស​ចិន ដឹកនាំ​ដោយ​លោក សំរិទ្ធ ឌី​ម៉​ង់ តំណាង​ក្រុមហ៊ុន​ទាំងពីរ បាន​នាំយក​អង្ករ​ចំនួន​៨​តោន ទឹក​សុទ្ធ​វី​តា​ល់​៨៨​កេស និង​ម៉ាស់​ចំនួន​៨៨៨​ម៉ាស់ យកមក​ប្រគល់ជូន​រដ្ឋបាល​ខេត្តសៀមរាប​។ ពិធី​ប្រគល់ និង​ទទួល​នេះ ធ្វើឡើង​ដោយមាន​ការអញ្ជើញ​ចូលរួម​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ​១៣​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨​ខែមិថុនា ឆ្នាំ​២០២០​។​

លោក សំរិទ្ធ ឌី​ម៉​ង់ បានបញ្ជាក់​ពី​គោលបំណង​របស់​ក្រុមហ៊ុន​ទាំងពីរ ក្នុងការ​នាំយក​អំណោយ​មក​ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្តសៀមរាប​នេះ គឺ​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច​រដ្ឋបាល​ខេត្តសៀមរាប ក្នុងការ​ប្រយុទ្ធប្រឆាំង បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជួយ​ជា​ស្បៀង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពេល​មាន​វិបត្តិ​ជំងឺ​នេះ នៅតាម​សហគមន៍​។
ឯកឧត្តម ទៀ សីហា បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការគាំទ្រ​របស់​ក្រុមហ៊ុន ស៊ូ​មេឃ និង ក្រុមហ៊ុន​xinxing ក្នុង​កាលៈទេសៈ​ដែល​រដ្ឋបាលខេត្ត កំពុង​មមាញឹក​អនុវត្តន៍​វិធានការ​នានា ក្នុង​គោលដៅ​ឆ្ពោះទៅរក​ការបន្ត​គ្រប់គ្រង រក្សា​ឱ្យបាន​ស្ថានភាព​ទប់ស្កាត់​ការចម្លង​វា​រុស​កូ​វីត​-១៩ ចូលទៅ​កាន់​សហ​គន៍​នោះ​។ ឯកឧត្តម​បាន​បញ្ជាក់ថា អាជ្ញាធរ​ខេត្តសៀមរាប មិនបាន​បន្ធូរបន្ថយ​នោះឡើយ គឺ​ត្រូវបាន​រឹតបន្តឹង​ឡើង​ថែមទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​បង្កា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនេះ សំខាន់​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់​ខេត្ត​ដល់​មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ការបង្កា​ទប់ស្កាត់​នូវ​រលក​ទី​២​នៃ​កូ​វីដ​-១៩ ទោះបី​នៅ​ប្រទេស​កម្ពុជា​យើង មាន​ភាព​ធូរស្រាល​ក៏ដោយ ក៏​អាជ្ញាធរខេត្ត​មិន​បណ្តែតបណ្តោយ មើលស្រាល​ចំពោះ​បញ្ហា​ជំងឺ​នេះដែរ​។
​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ដ​ក៏បាន​លើក​ផងដែរ ពី​កិច្ចអភិវឌ្ឍន៍​របស់​ខេត្ត ក្នុងពេលដែល​ជួប​នូវ​វិបត្តិ​កូ​វីដ​-១៩ និង​ការធ្លាក់ចុះ​នៃ​ភ្ញៀវទេសចរ​នោះ អាជ្ញាធរខេត្ត​ក៏បាន​ធ្វើការ​ជំរុញ​ក្នុងការ​ស្ថាបនា និង​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ក្នុង​ខេត្ត ពិសេស​ក្នុង​ការរៀបចំ​ជីក​ដាក់​បំពង់​ប្រព័ន្ធ​ទឹកស្អាត​នៅក្នុង​ក្រុង​សៀមរាប ដែល​ធ្វើឡើង​ដោយ​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប និង​ត​ភ្ជាប់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង​។ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បន្ថែមថា ការផ្តល់​អំណោយ​ទាំងនេះ អាជ្ញាធរខេត្ត​នឹង​យកទៅ​ប្រើប្រាស់​ក្នុងពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ ពិសេស​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​កុំឱ្យ​កើតមាន​នៅតាម​សហគមន៍ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៕​ដោយ ហង្ស សៀក​