អនុប្រធានអចិន្រ្ដៃយ៍គណៈ​កម្មាធិ​ការជាតិ ប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស៖​ ប្រជាពលរដ្ឋកុំ​ប្រថុយប្រថានធ្វើការឆ្លងដែនដោយខុសច្បាប់ គួរធ្វើការនៅក្នុងប្រទេសប្រសើរជាង

AKP សៀមរាប ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០—-

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍គណៈ​កម្មាធិ​ការជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សបានលើកឡើងថា បច្ចុប្បន្ននេះ ​ពិភពលោក​នៅតែប្រឈម​នឹង​មេរោគកូវីដ-១៩ ហើយនៅរាល់ការធ្វើដំណើរឆ្លងដែនគឺត្រូវបានធ្វើ​ពិនិត្យ​ពី​មន្រ្តីជំនាញយ៉ាង​យកចិត្តទុកដាក់ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ​ផងដែរ។

ថ្លែងទៅ​កាន់​ប្រជាពលរដ្ឋចំនួន១០០​នាក់ ដែលបាន​ត្រឡប់មកពីក្រៅប្រទេស ហើយ​កំពុងធ្វើចត្តាឡី​ស័ករយៈពេល១៤ថ្ងៃ ដែល​ស្ថិតនៅក្នុងវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅ​ព្រឹកថ្ងៃទី១៨ខែមិថុនា​ ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់​ថា ខណៈដែលកំពុងតែប្រឈមនឹងបញ្ហាមេរោគកូវីដ-១៩ នេះ យើងឃើញថា មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​មួយចំនួននៅតែមាន​ការ​លួចឆ្លងដែនដោយខុសច្បាប់តាមរយៈការចាញ់បោក​មេ​ខ្យល់។

លោកជំទាវបាន​ណែនាំ​ឱ្យប្រជាពលរដ្ឋ​ដែលមាន​បំណងឆ្លង​ដែនដោយខុស​ច្បាប់គួរ​បញ្ឈប់ជាបន្ទាន់ ព្រោះការលួយឆ្លងដែនបច្ចុប្បន្ននេះ គឺបាន​ធ្វើឱ្យបងប្អូនប្រឈមនឹង​បញ្ហា​ជាច្រើន ដូចជា ងាយឆ្លងមេរោគកូវីដ-១៩ ចាញ់បោកមេខ្យល់ខាតបង់ប្រាក់កាស ហើយ​ពេលឆ្លងចូលប្រទេសគេដោយខុសច្បាប់ ពេលគេចាប់បាននឹងធ្វើបាប់គ្រប់សព្វបែបយ៉ាង។

លោកជំទាវបានបន្ដថា រដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ប្រជាពលរដ្ឋឱ្យ​ទៅធ្វើការក្រៅ​ប្រទេសនោះទេ ប៉ុន្តែបងប្អូនត្រូវចាំឱ្យស្ថានភាពជំងឺកូវីដចប់សិន ហើយត្រឡប់ទៅធ្វើការ​ក្រៅប្រទេសវិញតាមរយៈក្រសួងការងារ ឬក្រុមហ៊ុនដោយស្របច្បប់។ លោកជំទាវរដ្ឋលេខាធិ​ការ​បានបន្ថែមថា ស្ថានភាពបច្ចុប្បន្ននេះ បងប្អូនគួរងាកមកធ្វើការងារនៅក្នុងស្រុកសិនល្អជាង ដូចជាការដាំបន្លែបង្ការ ធ្វើស្រែ និងការងារផ្សេងៗជាច្រើនដែលប្រទេសយើងមាន​។

លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ខេត្ដសៀមរាបបាន​ឱ្យដឹងថា ចាប់តាំងពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅស្រុក​ក្រឡាញ់មានប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កក្នុងវិទ្យាល័យក្រឡាញ់មានចំនូន៦៥៤នាក់ ស្រី ២៩៤នាក់។ លោកស្រីបានបន្ដថា អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័ក​មកដល់ថ្ងៃនេះ​មានចំនួន​៥០៥នាក់ ស្រី២២៦នាក់ ក្នុងនោះ កុមារា ៣១នាក់ កុមារី ២៥នាក់ និងស្ត្រីមានផ្ទៃពោះ ១២នាក់។

លោកស្រីអភិបាលស្រុកបានបន្ថែមទៀតថា បច្ចុប្បន្ននៅសល់ចំនួន១៤៩នាក់ ស្រី ៦៨នាក់ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក ហើយរៀងរាល់ថ្ងៃនេះ ក៏នៅតែមានបងប្អូន​ប្រជា​ពលរដ្ឋធ្វើចំណាក​ស្រុកមកពីប្រទេសថៃជាបន្តបន្ទាប់៕  ដោយ៖ឃុត សៅ