NOCC អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអង្គរ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០—-

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន​​អំពាវ​នាវ​កាលពីពេលថ្មីៗនេះ ឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរក្នុងស្រុកចូលរួមរត់​ប្រណាំង​អន្តរ​ជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅខេត្ដសៀមរាប នាដើមខែធ្នូ ឆ្នាំ២០២០។

កន្លងមក ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យទិវារត់ប្រណាំងធំៗចំនួនពីរ គឺពាក់​កណ្តាលម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ ក្នុងខែមិថុនា និងទិវាម៉ារ៉ាតុងចក្រភពខ្មែរ នៅខេត្ត​សៀមរាប នាខែសីហា ឆ្នាំ២០២០ ត្រូវបានប្រកាសលើកទៅរៀបចំនៅឆ្នាំ២០២១វិញ។

រីឯទិវា​រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នាខែធ្នូ ឆ្នាំ២០២០ ត្រូវបន្តរៀបចំដដែល ដោយ​ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមរត់ប្រណាំង បើទោះបីជាក្នុង​ស្ថាន​ភាព​នេះមិនអាចស្រូបបានអ្នករត់មកពីក្រៅប្រទេសយ៉ាងណាក្តី។

ការរៀបចំទិវាកីឡា​ទេសចរណ៍ដ៏ធំប្រចាំឆ្នាំមួយនេះនឹងត្រូវអនុវត្តន៍តាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសឱ្យប្រមូលផ្តុំ និងការប្រកួតនានាឡើងវិញជាជំហានៗ ហើយតាមរយៈ​ទិវានៅតំបន់អង្គរនេះនឹងបង្ហាញចេញនូវសុវត្ថិភាព សន្តិភាព នៃតំបន់ទេសចរណ៍​ដ៏ទាក់ទាញ​របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

សូមបញ្ចាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ត្រូវបានប្រារព្ធធ្វើ​ឡើងអស់រយៈពេល២៤ឆ្នាំ មកហើយៗ កាលពីឆ្នាំ២០១៩ បានទាក់ទាញអ្នកចូលរួមជាតិ និងអន្តរជាតិបានជាង១ម៉ឺននាក់ ដោយព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញមួយនេះ​តែង​តែស្រូបបានកីឡាករ កីឡាការិនីកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយ៕ដោយ៖ហេង ណាលីន