ទស្សនៈ៖ មុននឹងមានថ្ងៃនេះ?

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ — រយៈពេល៤៣ឆ្នាំមកនេះ (២០ មិថុនា ឆ្នាំ១៩៧៧-២០ មិថុនា ឆ្នាំ២០២០) ប្រជាជនកម្ពុជានៅតែចងចាំ និងរំលឹកជានិច្ច នូវប្រវត្តិសាស្រ្តរបស់កម្ពុជា ជាពិសេសនឹកឃើញនូវគុណបំណាច់មិនអាចកាត់ថ្លៃបាន ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយកជីវិតប្តូរដើម្បីសង្រ្គោះជាតិ និងប្រជាជនកម្ពុជាពីនរកព្រៃផ្សៃ នៃរបបខ្មែរក្រហម ។

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចចិត្តឆ្លងដែនចូលទឹកដីប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ដើម្បីជាការចងចាំបន្តដល់យុវជន និងក្មេងៗជំនាន់ក្រោយ ខ្ញុំបាទ សូមរម្លឹក និងចងក្រងប្រវត្តិសង្ខេបត្រួសៗ អំពីការតស៊ូយកជីវិតប្តូររបស់សម្តេចតេជោ ហ៊ុន សែន នាសម័យខ្មែរក្រហម។

ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺ ភូមិកោះថ្ម ឃុំទន្លូង ដែលជាបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ និងជាទីតាំងបន្ទាយឈរជើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ បានក្លាយជាទិវាមួយដ៏សំខាន់ នៃរបត់ប្រវត្តិសាស្រ្តប្រទេស កម្ពុជា ជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

មានទីតាំងចំនួន ៧ចំណុច ដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមចេញដំណើរ និងបានឆ្លងកាត់ឆ្ពោះទៅការវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ នោះគឺ៖

• ចំណុចទី១. ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអសាឍ ឆ្នាំម្សាញ់ នព្វស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន ញឹក ហួន ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយ ឧបត្ថម្ភក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ។

ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ពាំងខ្ទរ និងអាងដាច់ដែលមានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែនោះ ។ នៅទល់ខាងមុខ គឺជាស្រុកឡុកនិញ ក្នុងខេត្តសុងប៊ែររបស់វៀតណាម ។ មុនពេលឈានជើងចូលក្នុងទឹក ដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាងទឹកដីកម្ពុជា ទាំងទឹកភ្នែកអាឡោះអាល័យ ដោយនិយាយក្នុងចិត្តថា អាយុ១៣ឆ្នាំ បែកពីស្រុកកំណើតដោយអត់សាលារៀន អាយុ២៥ឆ្នាំ បែកពីប្រទេសដោយពួកឃាតក ។

• ចំណុចទី២. វេលាម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម ។ អ្នកទាំងអស់គ្នាក៏បានសម្រាករងចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទាននោះឡើយ ។

ពេលនោះសំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែន កម្ពុជា-វៀតណាម ដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ?

តើអាចត្រូវជាប់គុក ដោយសារការឆ្លងដែនខុសច្បាប់ឬទេ?

តើវៀតណាមជឿ ហើយសុខចិត្តជួយក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ?

សំណួរចុងក្រោយគឺ តើវៀតណាមអាចចាប់បញ្ជូនមកឱ្យ ប៉ុល ពត វិញឬទេ?

នោះជាពេលដែល សមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំង ប្រដាប់អាវុធ នៃចលនារំដោះជាតិរហូតដល់ពិការភ្នែកម្ខាង នៅឆ្នាំ១៩៧៥ ។

​ • ចំណុចទី៣. ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាមបានប្រមាណជិត ៦គីឡូម៉ែត្រ វេលាម៉ោង១១:០០នាទី ជិតថ្ងៃត្រង់ ក្រុមសមមិត្ត ហ៊ុន សែន បានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហម ក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយ អង្ករ ដែលនៅសល់ក្នុងដៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវថ្នល់ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម ។

• ចំណុចទី៤. វេលាម៉ោង ១៤:០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ សមមិត្ត ហ៊ុន សែន និង ក្រុមបានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ ពីព្រំដែន ។ ពេលប្រទះនឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សមមិត្ត ហ៊ុន សែន ដើរសំដៅ ហើយកម្មករនោះក៏ឱ្យក្រុមសមមិត្តរងចាំនៅទីនោះសិន ។ បន្ទាប់មកកម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយផង ។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំង៥នាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ ។

• ចំណុចទី៥. ក្រោយពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេ ភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាង១ឆ្នាំហើយ ។ ក្រោយពីបានទទួលទានរួច ជនកម្ពុជាទាំង៥រូប ត្រូវគេនាំធ្វើដំណើរចម្ងាយ ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦:៤៥នាទី ។

• ចំណុចទី៦. ជនកម្ពុជាទាំង៥ ត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម ។ វេលាម៉ោង ១៧:១៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំង៥ ត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ម៉ាក GMC ពីភូមិឡាំងជីន ទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង ១៨:០០នាទី។

• ចំណុចទី៧. សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំង៤នាក់ ដែលមក ជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មានសារជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត ។ នោះគឺជាពេលវេលាដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំង៤ ដែលធ្វើដំណើរមកជាមួយ ដោយគិតថាគេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹង ប្រសិនបើមិនឃើញត្រឡប់មកវិញ ។ ពួកគាត់ទាំង៤មានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និង រងចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញពេលជាងពាក់កណ្តាលអាធ្រាតឆ្លងចូល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ ។ ដោយសារការសាកសួរដេញដោលព័ត៌មានតាមលំដាប់ថ្នាក់ ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើឱ្យភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់ សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរកម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍ ។

តើមូលហេតុអ្វីបានជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចដឹកនាំ និងជ្រើសរើសប្រទេសវៀតណាមជាគោលដៅដើម្បីស្វែងរកការសង្រ្គោះប្រជាជាជនខ្មែរ?

ចម្លើយដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបកស្រាយកន្លងមកនោះគឺ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តើការពឹងវៀតណាមឱ្យមកជួយរំដោះជាតិជាការខុសដែរឬ?

បើគ្មានកងទ័ពវៀតណាមជួយ តើយើងអាចរំដោះបានទេ? ហេតុអ្វីត្រូវជ្រើសរើសប្រទេសវៀតណាមជាគោលដៅដែលត្រូវទៅ? នោះគឺ ដោយសារតែប្រទេសវៀតណាមមានភូមិសាស្រ្តនៅជិតកម្ពុជាជាងគេ ។ ចំណែកប្រទេសឡាវមានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីកម្ពុជា ហើយបញ្ហាសំខាន់តើឡាវមានលទ្ធភាពឬទេ?

បើទៅពឹងថៃដែលនៅម្ខាងប្រទេស ហើយឆ្ងាយពីទីតាំងឈរជើងរបស់សម្តេច តើថៃមានលទ្ធ ភាពឬទេ? សម្រាប់វៀតណាម គឺនៅកៀកតែប៉ុន្មានគីឡូម៉ែត្រពីកម្ពុជា ហើយវៀតណាមក៏មិនមែនជារឿងថ្មីទេ ។ ព្រះមហាក្សត្រ នរោត្តម សីហនុ ក៏ធ្លាប់ពឹងវៀតណាមឱ្យជួយរំដោះប្រទេសពីរបប លន់ នល់ ។ វៀតណាមក៏ធ្លាប់ បានពឹងកម្ពុជាឱ្យជួយរំដោះទឹកដី ដែលមេដឹកនាំវៀតណាមតែងតែបានសម្តែងការដឹងគុណចំពោះកម្ពុជា កាលពីសង្រ្គាមជាមួយវៀតណាមខាងត្បូង ។

អ្វីដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំអំពីគុណបំណាច់របស់សម្តេច ហ៊ុន សែន នោះ គឺភាពក្លាហាន ហ៊ានយកជីវិតប្តូរដើម្បីសង្រ្គោះជាតិ និងប្រជាជនកម្ពុជាពីរបបខ្មែរក្រហម ហេតុអ្វីបានយើងអាចយល់ពីទឹកចិត្តសម្តេចថា យកជីវិតប្រជាជនខ្មែរធំ នោះគឺដោយសារពេលសម្តេចចូលទៅដល់ទឹកដីវៀតណាម វៀតណាមអាចជួយឱ្យសម្តេចហ៊ុន សែន រស់នៅក្នុងប្រទេសនោះ ឬអាចឱ្យឆ្លងទៅរស់នៅប្រទេសទី៣ ប៉ុន្តែពេលនោះសម្តេចបានប្រាប់វៀតណាមថា ប្រសិនបើវៀតណាមមិនជួយទេ សម្តេចសុខចិត្តមកស្លាប់ក្នុងប្រទេសទេសវិញ ហើយមិនរត់ចោលប្រជាជនកម្ពុជាឡើយ។ ការសម្រេចចិត្តស្វែងរកការគាំទ្រពីកងទ័ពវៀតណាមដើម្បីជួយកម្ពុជា គឺសម្តេចតេជោបានសម្រេចចិត្តថា ប្រសិនបើមិនស្វែងរកការគាំទ្រពីទ័ពវៀតណាមទេ ប្រជាជនកម្ពុជានឹងស្លាប់អស់ក្រោមដៃខ្មែរក្រហម ហើយប្រសិនបើបណ្តែតបណ្តោយឱ្យខ្មែរក្រហមបន្តនយោបាយអាក្រក់នេះទៀត តើខ្មែរនឹងក្លាយជាយ៉ាងណា។

រឿងរ៉ាវទាំងនេះមិនមែនជារឿងនិទានទេនៅកម្ពុជា ជាការពិតក្នុងប្រវត្តិសាស្រ្តកម្ពុជា សុំមើលឱ្យច្បាស់ក្នុងឯកសារ ដែលបន្សល់នូវរូបថតជាច្រើនបានបង្ហាញតួអង្គ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ព្រមទាំងសាក្សីដែលនៅរស់ក្រោយពីសង្រ្គាម។

ក្នុងរយៈពេលជាង៣ឆ្នាំ ពួកខ្មែរក្រហមបានកាប់សម្លាប់ ធ្វើទារុណកម្ម និងបំផ្លិចផ្លាញប្រទេស ជាតិឱ្យខ្ទេចខ្ទីស្ទើរគ្មានសល់ ទំាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ។

ពលរដ្ឋកម្ពុជាបានរស់នៅក្នុងសមុទ្រទឹកភ្នែក និងឈាម របបអាវខ្មៅ បានកាប់សម្លាប់ពលរដ្ឋជាង៣លាននាក់។

យើងទាំងអស់គ្នាពិតជានៅចាំបានថា នៅក្នុងអំឡុងចុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ប្រជា ជនកម្ពុជាទូទាំងប្រទេសបានបន់ស្រន់សុំឱ្យមានទេវតាមកជួយសង្រ្គោះជីវិតរបស់ខ្លួនឱ្យរស់ ទោះបីត្រូវធ្វើអ្វីក៏ធ្វើដែរឱ្យតែបានរស់រានមានជីវិត ដូច្នេះហើយពេលនេះយើងមានសុខសន្តិភាពហើយ យើងត្រូវតែរួមគ្នារក្សាសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនអាចរបូតផុតពីដៃនូវសន្តិភាពទេ ទោះជាដោយតម្លៃណាក៏ដោយ ។

អណ្តាតរបស់ពួកប្រឆាំង គឺជាមូលហេតុនៃសង្រ្គាម ។ ប្រជាជនកម្ពុជាយើងស្លាប់អស់ច្រើនណាស់ ដោយសារសង្រ្គាម ។ បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ក៏មិនមានសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែរ ។ ដូចនេះអ្នកកសាងកំហុសទាំងឡាយត្រូវទទួលស្គាល់ឱ្យច្បាស់នូវប្រវត្តិសាស្រ្តនេះ ៕

ដោយ ជា ច័ន្ទបរិបូរណ៍

រដ្ឋលេខាធិការក្រសួងព័ត៌មាន