អគ្គស្នងការ​នគរបាល​ជាតិ ស្នើឱ្យ​អង្គភាព និង​ស្នងការ​ទាំង​២៥​រាជធានី​-​ខេត្ត ពង្រឹង​បន្ថែម​លើ​ការងារ​ចំនួន​៤ សម្រាប់​ផែន​ជំនាញ​សន្តិសុខ​

AKP ភ្នំពេញ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆមាស ទី​១ និង​ដាក់ចេញ​ទិសដៅ​ការងារ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០២០​។ កិច្ចប្រជុំ​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយមាន​ការចូលរួម​ពី​អគ្គ​ស្នងការរង ប្រធាន​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការ​ទាំង​២៥​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​។
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្នើឱ្យ​ពង្រឹង​បន្ថែម​លើ​ការងារ​៤ សម្រាប់​ផែន​ជំនាញ​សន្តិសុខ ជាពិសេស​បង្ក្រាប​ឱ្យបាន​នូវ​គ្រប់​សភាពការណ៍ បញ្ចៀស​ឱ្យបាន​នូវ​អំពើ​ភេរវកម្ម ទប់​ស្តា​ត់​ឱ្យបាន​នូវ​គ្រប់​ឧបាយកល​បង្ក​វិទ្ធង្សនា ឬ​វិច្ឆេទកម្ម​ប្រឆាំង ឬ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដោយ​ពង្រឹង​ការងារ​ឱ្យបាន​ច្បាស់លាស់​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់មូលដ្ឋាន​។ នេះ​បើ​យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​លើកឡើងថា ដើម្បី​ពង្រឹង​បន្ថែម​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់ សម្រាប់​ឆមាស​ទី​២​នេះ នាយកដ្ឋាន​-​អង្គភាព និង​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវផ្តោត​សំខាន់​លើ​ការងារ​ពង្រឹង​ភារកិច្ច​រួម​ដោយ​ប្តេជ្ញា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ជាមួយគ្នានេះ ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ ជាពិសេស​ប្តេជ្ញាចិត្ត​ទប់​ស្តា​ត់​មិនឱ្យ​កើតមាន​ឡើងវិញ​នូវ​សកម្មភាព ឬ​ឧបាយកល​បដិវត្ត​ន៍ព​ណ៌​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ជំរុញ និង​អនុវត្តន៍​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​គោលនយោបាយ​ភូមិ​-​ឃុំ​មាន សុវត្ថិភាព ដែលជា​សសរ​ស្ត​ម​នៃ​ខឿន​សន្តិសុខ​ជាតិ​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​សង្កត់ធ្ងន់​អំពី​ការងារ​ប្រយុទ្ធប្រឆាំង​ការ សម្អាត ប្រាក់ និង​ហិរញ្ញ​ទាន​ភេរវកម្ម ដោយ​ជំរុញ​ឡើងវិញ​នូវ​យន្តការ​ដើម្បី​ប្រតិបត្តិ សំដៅ​រក​ឱ្យ ឃើញ​នូវ​ផល​សម្អាង​នៃ​បទល្មើស ពាក់ព័ន្ធ​ករណី​គ្រឿងញៀន បទល្មើស​សេដ្ឋកិច្ច និង​បទឧក្រិដ្ឋ​នានា​បន្ថែមទៀត​។ ពាក់ព័ន្ធ​និង​ការងារ​ប្រឆាំង​បទល្មើស ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ត្រូវ​រួមគ្នា​ប្តេជ្ញាចិត្ត​កាត់បន្ថយ​ឱ្យបាន ទាំង បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ និង​បទល្មើស លួច ឆក់​ប្លន់ និង​បទល្មើស​ផ្សេងៗ​ទៀត ដែល​ប៉ះពាល់​ដល់​ចិត្តសាស្ត្រ​សង្គម​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ក្នុងនោះ​ត្រូវខិតខំ​ពង្រឹង​ការងារ​របស់​នគរបាល​បច្ចេកទេស ដែលជា​មូលដ្ឋាន​នៃ​ការបំពេញ​សំណុំបែបបទ សំណុំរឿង ដែលជា​មូលដ្ឋាន​សម្រាប់​ដាក់បន្ទុក​ជនល្មើស ជាពិសេស​ការគ្រប់គ្រង​លើ​មុខសញ្ញា ដែល​ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ មុខសញ្ញា​ដែល​ត្រូវបាន​ព្យួរទោស និង​មុខសញ្ញា​ក្មេង​ទំនើង​។

ដោយឡែក​បញ្ហា​គ្រឿងញៀន​ត្រូវខិតខំ​អនុវត្តន៍​ឱ្យបាន តាម​គោលការណ៍​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងការ​ទប់​ស្តា​ត់​ច្រក​នាំចូល ការកែច្នៃ និង​ទប់ស្កាត់​ការ​រើ​ឡើងវិញ​នូវ​ការប្រើប្រាស់ ការជួញដូរ នៅក្នុង​ទី​សប្បាយដ្ឋាន​។​
​ពាក់ព័ន្ធ​ការងារ​ចរាចរណ៍ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ពង្រឹង​ការដក​បទពិសោធន៍រ​បៀ​បរ​បប​ការងារ​របស់​កងកម្លាំង​ទាំង​ការកំណត់​គោលដៅ​ត្រួតពិនិត្យ​ឱ្យបាន​សមរម្យ ចៀសវាង​ការធ្វេសប្រហែស​ធ្វើឱ្យ​មានការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ត្រូវការពារ​សុវត្ថិភាព​ដល់​មន្ត្រី​ដែល​កំពុង​បំពេញការងារ​នៅតាម​ដង​ផ្លូវ។

​ចំពោះ​ការងារ​របស់​សមាគម​មិត្ត​នគរបាលជាតិ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​ក៏បាន​ជំរុញ​សកម្មភាព​សាកសួរ​សុខទុក្ខ​បងប្អូន​មន្ត្រីនគរបាល ដែលមាន​ការឈឺ​ស្កាត់ ជរា​ពិការ ដើម្បី​ជួយ​សម្រាល​ការលំបាក​បងប្អូន​នគ​របាល​ជាតិ​ដែលជា​សមាជិកសមាគម​។ ទន្ទឹមនេះ ក៏ត្រូវ​មានការ​លើកទឹកចិត្ត ជូន​រង្វាន់​ដល់​កងកម្លាំង​ដែលមាន​សមត្ថភាព និង​មាន​ស្នាដៃ​ក្នុងការ​បំពេញភារកិច្ច ត្រូវខិតខំ​បង្ហាញ​ការទទួលខុសត្រូវ បកស្រាយ ការពារ​កិត្តិយស​នគរបាលជាតិ នៅ​ចំពោះមុខ​មហាជន​៕​ដោយ រិទ្ធី​