អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម៖ កម្ពុជាប្រើពេល០៦ឆ្នាំ ដើម្បីរំដោះកាតលឿង​នាំចេញ​បន្លែស្រស់ទៅកាន់សហគមន៍អឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានកសិកម្ម បានលើកឡើងថា កម្ពុជាបានប្រើពេលអស់៦ឆ្នាំ ដើម្បីរំដោះកាតលឿង នាំចេញបន្លែស្រស់ ទៅកាន់សហគមន៍អឺរ៉ុប ខណៈប្រទេសជិតខាងរបស់កម្ពុជាចំនួន​ពីរដែលរួមមាន៖​ វៀតណាម និងថៃ មិនអាចនាំចូលបានទេ ដោយសារជាប់កាតក្រហម។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិ​បាល ស្ដីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ដែលមានការ​ទាក់ទងនឹងភូតគាមអនាម័យ» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ​ ឯកឧត្តម​ ងិន ឆាយ បានគូសបញ្ជាក់ថា​ កម្ពុជាបានធ្វើការ០៦ឆ្នាំ​បានដោះ​កាតលឿងបានរួច។

ឯកឧត្ដមប្រតិភូបានលើកឡើងថា​ “ឥឡូវកម្ពុជា កាតលឿងក៏អត់ ស្អឺក៏អត់ដែរ សម្រាប់បន្លែស្រស់យើងអាចនាំចេញទៅអឺរ៉ុបបាន។ ដោយឡែកប្រទេស ទាំង ពីរនោះ ដែលរួមមាន៖វៀតណាម និងថៃ​ នៅកាតក្រហមនៅឡើយទេ ដោយមិនទាន់នាំ ចូលបាននោះទេ”។

ឯកឧត្តម​បានបន្តថា​ សហគមន៍អឺរ៉ុបបញ្ជូនភ្នាក់ងារអធិការកិច្ច ចំនួន​ប្រមាណ៧-៨នាក់ មកសិក្សាក្នុងប្រទេសកម្ពុជា ហើយការសម្រេចរបស់សហគមន៍អឺរ៉ុប​នេះ​ គឺដោយសារតែអ្នកនាំចេញ និងអ្នកដាំដុះមួយចំនួនមិនមានភាពស្មោះត្រង់ និងមិន​មាន​ក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្តម​បានបន្ថែមថា​ អ្នកនាំចេញ និងអ្នកដាំដុះមួយចំនួន​បាន​ប្រាប់គេថា បន្លែមិនប្រើសារធាតុគីមី ប៉ុន្ដែពួកគេបានលួចបាញ់ថ្នាំគីមី ហើយបន្លែដាំ​មិនគ្រប់ លួចយកបន្លែខាងក្រៅ មកដាក់បញ្ចូល ដើម្បីឱ្យបានគ្រប់។ ដូច្នេះសហគមន៍​អឺរ៉ុប​គេធ្វើតេស្ដ រកឃើញសំណល់ថ្នាំកសិកម្ម និងសត្វមួយចំនួន បានគេចេញកាតលឿង​ព្រមាន។

ឯកឧត្តមក៏ចង់ឃើញថា ឱ្យតែគេឃើញកសិផលពីកម្ពុជា គឺគេលើកមេដៃសរសើរ កុំឱ្យគេឃើញកសិផលកម្ពុជា គេទម្លាក់មេដៃចុះ ដែលនាំឱ្យយើងនឹងខូចកេរ្ដិ៍​ឈ្មោះ៕​ដោយ ចាន់ សុធីវង្ស