កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងទទួលរថយន្តទិញ​ពីប្រទេស​​ចិន​ចំនួន២៩០គ្រឿង

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

រថយន្តយោធាដែលកម្ពុជាទិញពីប្រទេសចិនចំនួន ២៩០គ្រឿង នឹងត្រូវចែកជូនដល់​បណ្តា​​ស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹក​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដែលពិធីប្រគល់ និងទទួលរថយន្តទាំងនេះ នឹងត្រូវធ្វើឡើង​នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព​ជើង​គោក។

សូមបញ្ជាក់ថា ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបានប្រើប្រាស់ថវិការបស់រដ្ឋ​នោះឡើយ ជាថវិកាចូលរួមរបស់សប្បុរសជនតាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ វត្តមានរថយន្តទាំងនេះ គឺជាការចូលរួមបម្រើដល់ប្រតិបត្តិការ​ក្នុងវិស័យ​យោធា ក៏ដូចជាកងនគរបាលជាតិសម្រាប់ជាប្រយោជន៍របស់ជាតិ៕ ដោយ៖សំ សាម៉ន