កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប រៀបចំពិធីសូត្រមន្តថ្វាយព្រះពរ សម្តេចព្រះ មហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា

AKP សៀមរាប ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០—-

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ព្រះវស្សា នៅព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធី សូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនចង្ហាន់ព្រះសង្ឃ និងចែកអំណោយមនុស្សធម៌ ដល់ប្រជា ពលរដ្ឋមានជីវភាពខ្វះខាត នៅបរិវេណប្រាសាទបាលិលេយ្យ។ ពិធីនេះ មានការ អញ្ជើញ ចូលរួមពីសំណាក់លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី។

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអាននូវ សារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៤ យាងចូល៨៥ព្រះវស្សា បានបញ្ជាក់ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ ព្រះអង្គសូមសម្តែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភា ពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។    

នៅក្នុងពិធីនេះដែរ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានប្រគេនទេយ្យ ទានដល់ព្រះសង្ឃ និងបានផ្តល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ស្ថិតនៅក្នុងក្រុងសៀមរាបផងដែរ៕ ដោយ៖ឃុត សៅ