ក្រុមអ្នកស្រាវជ្រាវអង់គ្លេស រកឃើញថ្នាំដំបូងដែលអាចជួយអត្រារស់ដល់អ្នកជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ដឹសាយអេន (១៧.០៦.២០)

អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសអង់គ្លេសនិយាយថាពួកគេមានភស្ដុតាងដំបូងដែលបញ្ជាក់អំពីថ្នាំអាចជួយដល់អត្រារស់របស់​អ្នកជំងឺកូវីដ ១៩។   ថ្នាំនោះជាប្រភេទស្តេរ៉ូអ៊ីដ​​  (steroid)  ឈ្មោះដេហ្សាម៉េតាសូន  (dexamethasone)   ដែលបានកាត់បន្ថយអត្រាស្លាប់រហូតដល់មួយភាគបីសម្រាប់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

លទ្ធផលត្រូវបានប្រកាសឡើងកាលពីថ្ងៃអង្គារ។ ការស្រាវជ្រាវត្រូវបានធ្វើតេស្តលើអ្នកជម្ងឺចំនួន ២.១០៤ នាក់ដោយឲ្យទទួលទានថ្នាំនេះ  ហើយការធ្វើតេស្តនេះ ត្រូវបានយកទៅប្រៀបធៀបជាមួយនឹងអ្នកជំងឺ ៤.៣២១ នាក់ផ្សេងទៀតដែលទទួលបានការថែទាំធម្មតា។

ការស្រាវជ្រាវនេះត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារសុខាភិបាលរបស់រដ្ឋាភិបាលនៅចក្រភពអង់គ្លេសនិងម្ចាស់ជំនួយឯកជនមួយចំនួនទៀត  ក្នុងនោះមានមូលនិធិរបស់ប៊ីលហ្កេតផងដែរ  ។