លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជាស្តីពីការធ្វើកំណែទម្រង់របស់ប៉ូលីសបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៧.០៦.២០)

អាមេរិក៖ ប្រធានាធិបតីដូណាល់ត្រាំ  ដែលកន្លងមកបានប្រឈមនឹងការរិះគន់ជាខ្លាំងអំពីគោលនយោបាយនិងវោហារសាស្ត្ររបស់លោកដែលបានធ្វើឱ្យ​ការបែងចែកជាតិសាសន៍នៅសហរដ្ឋអាមេរិកកាន់តែមានសភាពធ្ងន់ធ្ងរឡើង​   បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃអង្គារនេះ   ដែលលោកបានអះអាងថា  បទបញ្ជានេះនឹង​ធ្វើកំណែទម្រង់នូវការអនុវត្តវិធានការនានាដោយ​ប៉ូលីសក្នុង​ពេលអនុវត្តការងារ។

បន្ទាប់ពីការតវ៉ាប៉ុន្មានសប្តាហ៍ប្រឆាំងនឹងការរើសអើងជាតិសាសន៍និងភាព​ឃោរឃៅរបស់បូលីស ​ដែលបង្កឡើងដោយការស្លាប់របស់បុរសស្បែកខ្មៅម្នាក់កាលពីថ្ងៃទី ២៥ ខែឧសភានៅទីក្រុង មីននៀប៉ូលីស​នោះ   ​​លោកត្រាំបានព្យាយាមឆ្លើយតបនឹង​ការព្រួយបារម្ភដែលកំពុងកើនឡើងអំពីភាពអយុត្តិធម៌នៃការប្រកាន់ពូជសាសន៍ដែលអាចនឹងប៉ះពាល់ដល់ការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះដែលលោកកំពុងស្វែងរកសំលេងឆ្នោតដើម្បីបន្តកាន់តំណែងជាប្រធានាធិបតីម្តងទៀត  ។

តាមការស្ទង់មតិបង្ហាញការព្រួយបារម្ភជាទូទៅក្នុងចំណោមជនជាតិអាមេរិកអំពីភាពសាហាវព្រៃផ្សៃរបស់ប៉ូលីស  ។