អាជ្ញាធរ​ក្រុង​សៀមរាប ធ្វើ​យុទ្ធនា​ការសម្អាត​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង

AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០

បន្ទាប់ពី​ទទួលបាន​រថយន្ត​សម្អាត​ដងផ្លូវ​សាធារណៈ​ចំនួន​០៣​គ្រឿង ពី​រដ្ឋបាលខេត្ត សៀមរាប​នៅ​រសៀល​ថ្ងៃទី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រុមការងារ​រក្សា​បរិ​ស្ថាន​អនាម័យ នៃ​រដ្ឋបាល​ក្រុង​សៀមរាប រួមជាមួយ​កងកម្លាំង​ប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​យុវជន​បាន​ចាប់ ផ្តើមធ្វើ​អនាម័យ និង​សម្អាត​កំណាត់​ដងផ្លូវ​សាធារណៈ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក្រុង​សៀមរាប​កាន់តែ​ស្អាត និង​មាន​ផាសុកភាព​។​

លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ថ្លែងថា រថយន្ត​ទាំង​០៣​គ្រឿង​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការងារ​សម្អាត​តាម​ដងផ្លូវ​សាធារណៈ​និង​ធ្វើឱ្យ​ការងារ​នេះ​ដំណើរ​លឿន​ជាង​មុន និង​ធ្វើឱ្យ​ផ្លូវ​សំខាន់ៗ​នៅក្នុង​ក្រុង​សៀមរាប​ស្អាត​គ្មាន​ដី​កក​នៅលើ ដងផ្លូវ​បន្តទៀត​។​ជាពិសេស​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹក​ហូរ​ចូល​លូ​បាន​លឿន មិន​ជន់​លិច​ផ្លូវ ហើយ​កត្តា​ទាំងនេះ​ជាការ​ចូលរួម​ការស្តារ​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ក្នុង ខេត្ត​ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​មុន​។​

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ជំរុញ​ឱ្យ​មន្ត្រី​បន្ត​យក ចិត្ត​ទុកដាក់​លើ​ការងារ​អាទិភាព​ក្នុងការ​ស្តារ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​នេះ​មានដូចជា​៖ ទី​១. បន្ត​កែលម្អ​សោ​ភណ​ក្រុង ដោយ​បន្តការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូ ប្រឡាយ ការងារ​បើកផ្លូវ និង​ការកែលម្អ និង​លើកកម្ពស់​ស្ទឹង​សៀមរាប​ដែល​កំពុងតែ​សិក្សា​, ២. បន្តការងារ​សម្អាត​ប​រិ​ស្ថាន ដោយ​ពង្រឹងគុណភាព​សេវា​ប្រមូល​សំរាម ការកែច្នៃ សំរាម​ដុត​យក​ថាមពល​អគ្គិសនី និង​ការ​បោសសំអាត​ធូលី​តាម​ដងផ្លូវ​ជាដើម និង​ទី​៣.​ត្រូវ​រៀប ចំ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក និង​អន្តរជាតិ ក្រោយពេល​ចប់​កូ​វីដ​-១៩ ដោយ​ផ្អែក លើ​សក្តានុពល​នានា​ថ្មីៗ​បន្ថែមទៀត​នៅតាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តសៀមរាប​៕ ដោយ ឃុ​ត សៅ