ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋយោគយល់ពីការប្រមូលសំរាម ព្រោះរដ្ឋបាលរាជធានី កំពុងដាក់ឱ្យក្រុមហ៊ុនចំនួន៣ ធ្វើការវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជ ធានីភ្នំពេញឱ្យមានការយោគយល់ពីការប្រមូលសំរាម ព្រោះរដ្ឋបាលរាជធានី កំពុងដាក់ឱ្យ ក្រុមហ៊ុនចំនួន៣ ធ្វើការវិនិយោគលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ជំនួសក្រុមហ៊ុន ស៊ិនទ្រីត្រូវបានបញ្ចប់។       នេះជាការថ្លែងរបស់ ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដែលបានចូលរួមសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្ដមបានបន្ដថា ក្នុងរយៈពេលនេះសូមបងប្អូនដែលមានសំរាម សូមចូល រួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងការបង់ថ្លៃប្រមូលសំរាម និងយកសំរាមចោល នៅកន្លែងកំណត់ តាមពេលកំណត់ ដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេល។ សាលារាជធានីកំពុងជ្រើសរើសក្រុមហ៊ុនចំនួន៣ក្រុមហ៊ុន មានបទពិសោធន៍កម្រិតអន្តរជាតិ ក្នុងការប្រមូលសំរាមក្នុងប្រតិបត្តិការក្នុងរាជធានីភ្នំពេញ។ សំរាមក្នុងរាជធានីភ្នំពេញ មានត្រឹម ប្រមាណដល់ទៅ៣០០០តោនក្នុងមួយថ្ងៃ ដូច្នេះទាមទារឱ្យមានក្រុមហ៊ុន ចំនួន៣ ទើបអាចប្រមូលសំរាមទាន់ពេលវេលា។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា បើតាមអ្នកជំនាញបានបង្ហាញថាក្រុមហ៊ុនតែមួយ មិនអាចប្រមូលសំរាមបានទាន់ពេលទេព្រោះពលរដ្ឋក្នុងរាជធានីកើនឡើងដល់ជាង៣លាននាក់ ហើយឯកឧត្ដម សង្ឃឹមថា ក្រុមហ៊ុនទាំងបីនេះនឹងប្រមូលសំរាមឱ្យបានទាន់ពេល។

ឯកឧត្ដម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងសំណល់រឹង សំរាម នៅតែ ជាការងារអាទិភាពធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមានការអនុញ្ញាតពីក្រសួង មហាផ្ទៃ និងការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ហើយឯកឧត្តមក៏បានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង បានរៀបចំរចនាសម្ព័ន្ធរូចរាល់ហើយ ប៉ុន្តែស្ថិតក្នុងដំណាក់កាលអន្តរកាល។

ឯកឧត្ដម ឃួង ស្រេង បានសម្តែងនូវក្តីសង្ឃឹមថា ការផ្លាស់ប្តូររបៀបរបបការងារ ពីអ្នកគ្រប់គ្រងសេវាមកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់ ដូច្នេះការប្រមូលសំណល់រឹង -សំរា មនៅរាជធានីភ្នំពេញ នឹងមានស្ថានភាពប្រសើរក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ដោយ សួស  សំរិត