ប្រធានសហព័ន្ធបាល់បោះអាណត្តិថ្មីប្តេជ្ញាចិត្តថារួមគ្នា ដើម្បីជោគជ័យសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានសហព័ន្ធ​កីឡា​បា​ល់​បោះ​ក​ម្ពុ​ជា សម្រាប់អាណត្តិថ្មីឆ្នាំ២០២០ដល់ឆ្នាំ២០២៣បានប្តេជ្ញាចិត្តថា នឹងបន្តពួតដៃគ្នាជាមួយសមាជិកប្រ​តិ​ប​ត្តិ​ទាំ​ង​អស់ ដើម្បីសម្រួចគោលដៅឱ្យទទួលបានជោគជ័យ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះ ស៊ីហ្គេម លើ​ក​ទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តមនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៧ ឆ្នាំ២០១៧-២០២០ និង​បន្ត អាណត្តិថ្មីទី៨ ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំពហុកីឡដ្ឋានជាតិ នៅ​ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ក្នុងនាមប្រធានអាណត្តិថ្មី ឯកឧត្តម ស៊ាន បូរ៉ាត បានប្តេជ្ញាចិត្តខ្ពស់ថានឹងរួមគ្នាដើម្បីបន្តកិច្ចការអភិវ​ឌ្ឍ​ជាបន្តទៀត ហើយដើម្បីទទួលបានជោគជ័យនេះ សហព័ន្ធកីឡាបាល់បោះកម្ពុជាបានអនុវត្ត​ផែនការ​យុ​ទ្ធ​សា​ស្ត្ររបស់ខ្លួន ដោយបោះជំហានយ៉ាងរឹងមាំនិងស្វាហាប់ ពិសេសពង្រឹងសកម្មភាពហ្វឹ​កហ្វា​ត់​រ​ប​ស់​កី​ឡា​ក​រ​ថ្នាល និងឈុតធំ ដើម្បីតម្រង់ទិស និងជំរុញសិទ្ធផលនៃការហ្វឹកហាត់ឈានទៅត​ណ្តើមយកមេ​ដាយ​ពី​ការ​ប្រ​កួតអន្តរជាតិ និងលើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសគឺការត្រៀមលក្ខណៈឆ្ពោះទៅ​ធ្វើ​ជាម្ចាស់ផ្ទះ ​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមបន្ថែមថា នៅក្នុងដំណើរកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ ស​ហព័ន្ធក៏ទាមទារឱ្យកីឡាករ កីឡាការិនីកម្ពុជាយើងមានបទពិសោធន៍ និងសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ ដើម្បីដណ្តើម​បានជ័យលាភីពីការប្រកួតមកជួនជាតិមាតុភូមិ។ ជាងនេះទៀត សហព័ន្ធកីឡា​បាល់​បោះ​ក​ម្ពុ​ជា​ក៏​បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេស ក្នុងតំបន់ ក៏ដូ​ច​ជា​ប្រ​ទេ​ស​ជាមិត្ត ដើម្បីជំរុញការអភិវឌ្ឍកីឡាបាល់បោះឱ្យកាន់តែបោះជំហានទៅមុខថែមទៀត។ សហព័​ន្ធកី​ឡា​បា​ល់​បោះ​កម្ពុជាមិនគ្រាន់តែបានជំរុញនិងពង្រីកសកម្មភាពរបស់ខ្លួនទៅបណ្តារាជធានីខេត្តប៉ុណ្ណោះទេ គឺបានជំ​រុ​ញសកម្មភាពប្រកួតគ្រប់កម្រិត មានការប្រកួតសិស្សបឋម មធ្យម ឧត្តម និងការប្រកួតលីគប្រចាំឆ្នាំ ព្រ​មទាំ​ង​កា​រប្រកួតមិត្តភាព និងការប្រកួតលក្ខណៈអន្តរជាតិ។ ជាមោទនភាពរបស់កម្ពុជា កីឡា​បា​ល់បោះ​ក​ម្ពុ​ជា​យើ​ង​រក្សាបានចំណាត់ថ្នាក់លេខ៧ពីការប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយចំ​ពោះការប្រកួតស៊ីហ្គេម​ឆ្នាំ២​០​២​៣​នៅកម្ពុជា សហព័ន្ធរំពឹងទុកថាកម្ពុជានឹង​ឈានចូល​ទៅក្នុងការប្រកួតវគ្គចុ​ងក្រោយទៅលើវិញ្ញាសាប្រកួត៣ទ​ល់​៣។

សូមបញ្ជាក់ថា សម្រាប់សមាសភាពសមាជិកប្រតិបត្តិអាណត្តិថ្មីនេះមានចំនួន១៥រូប ដែលបាន​ប្រ​សូ​ត្រ​​ចេញពីការបោះ​ឆ្នោតគាំទ្រពីសមាជិកពេញសិទ្ធិរបស់ខ្លួន ដោយឯកឧត្តម ស៊ាន បូរ៉ាត ទទួលបានការគាំទ្រ​ប​ន្តការដឹកនាំធ្វើជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អមដោយអនុប្រធាន៥រូប គឺឯកឧត្តម អ៊ុក សិ​ទ្ធិ​ជា​តិ, ឯកឧត្តម ឈី សម្បត្តិ, លោក ខេស៊ី បាណេត, លោក សាំ យៀង, និងលោកជូ សុខារី និង៩​រូ​ប​ទៀ​ត​ជា​ស​មា​ជិក៕

ដោយ ៖ ហេង ណាលីន