រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះបូមលូ និងបាញ់ទឹកលាងសម្អាតមាត់លូ ដែលមានសំរាម និងដីភក់បង្កការកកស្ទះលូ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាល រាជធានីភ្នំពេញ កំពុងបន្តដឹកនាំកម្លាំងចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ ពីតូចមកធំ នៅតាម មហាវិថីតូចធំនៅក្នុងរាជធានី ដើម្បីបង្ហូរទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងតែងតែលិច ផ្លូវមួយចំនួន ហើយកន្លងមកធ្វើឱ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ដូច្នេះសាលា រាជធានីភ្នំពេញ​ បានបន្តសកម្មភាពមួយផ្នែកទៀត គឺបូមលូ និងបាញ់ទឹកលាងសម្អាត មាត់លូ ដែលមានសំរាម និងដីភក់បង្កការស្ទះលូ ដើម្បីបង្ហូរទឹកឱ្យបានលឿនជាងមុន ថែមទាំង លើកសោភណភាពនៅក្នុងរាជធានីភ្នំពេញផងដែរ។

នៅព្រឹកនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យកម្លាំងចុះបូម និងបាញ់លាងសម្អាតមាត់លូ និងប្រព័ន្ធលូ ដែលមានការកកស្ទះ ទៅដោយ សំរាម និងដីភក់ជាដើម នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុច ផ្លូវលេខ២៦៥ ដល់ចំណុចស្ដុបដេអិន (ផ្លូវលេខ២១៥) និងតាមបណ្ដោយមហាវិថី ហ្សាវ៉ាហារឡានេរុហ៍ (ផ្លូវលេខ២១៥) ចាប់ពីចំណុចស្តុបដេអិន រហូតដល់ផ្លូវលេខ២៣០ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីបង្ហូរទឹកបានលឿនជាងមុន។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានបន្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជាជំហានទី៤ ហិរញ្ញប្បទានឥត សំណងពីប្រជាជនជប៉ុនជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រួមនឹងការដាក់បណ្តាញលូមេមានជាច្រើនគម្រោងដូចជា៖ ផ្លូវលេខ៣១៥ ផ្លូវលេខ៤៧ និងផ្លូវលេខ៥៩២។ល។ ដើម្បីដោះស្រាយទឹកលិចពេលមាន ភ្លៀងធ្លាក់ខ្លាំងម្ដងៗ បង្ហូរទឹកទាន់ពេលវេលា ។

បន្ថែមពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅ នៅជាប់ដងផ្លូវ ជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូ នៅចំពីមុខផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងពិនិត្យមើលគំរបលូ នៅមុខផ្ទះរាល់ពេលដែលមានមេឃភ្លៀងធ្លាក់ខ្លាំង និងសូមជួយ សម្អាត ដើម្បីកុំឱ្យមាន សំរាមហូរ ចូលដល់មាត់លូនោះ អាចបង្កឱ្យមានការកកស្ទះ៕

ដោយ សួស សំរិត