អណ្តូងទឹកស្អាតចំនួន៦កន្លែង ជាអំណោយរបស់អង្គការសាមគ្គីធម៌ ប្រឺតាញកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរី ប្រើប្រាស់ជាផ្លូវការ

AKP ក្រចេះ​ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

អណ្តូងទឹកស្អាតចំនួន៦កន្លែង ជាអំណោយរបស់អង្គការ សាមគ្គីធម៌ ប្រឺតាញកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ទុកប្រើប្រាស់ជាផ្លូវ ការដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស កាលពីព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការក្នុងខេត្ត ស្រុក និងប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក ឈុំ ឆូយ មេឃុំគោលាប់ ស្រុកចិត្របុរី បានបញ្ជាក់ថា អណ្ដូងទឹកស្អាតចំនួន ៦ កន្លែងក្រោមជំនួយរបស់អង្គការសាមគ្គីធម៌ ប្រឺតាញកម្ពុជា តាមរយៈឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បានចំណាយ ថវិកា ប្រមាណ១១៥០០ ដុល្លារអាម៉េរិក។

ឯកឧត្តមកិត្តបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងអំណរគុណចំពោះអង្គការសាមគ្គីធម៌ ប្រឺតាញកម្ពុជា ដែលយកចិត្តទុកដាក់ និងជួយ ដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាទឹក ដូចជាការផ្តល់ជូននូវអណ្តូងទឹកស្អាត ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

ឯកឧត្តមកិត្តិបណ្ឌិតបញ្ជាក់ថា ការផ្តល់អណ្តូងទឹកស្អាតរបស់អង្គការសាមគ្គីធ៌ម ប្រឺតាញកម្ពុជាចំពោះប្រជាព លរដ្ឋឃុំគោលាប់នៅពេលនេះគឺបានចូលរួម និងការយកចិត្តទុក ដាក់ខ្ពស់ជាមួយប្រមុខរាជរដ្ឋាភិ បាលកម្ពុជាក្នុងការលើកកម្ពស់អនាម័យសុខភាពនៅក្នុង សហគមន៍ និងការកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារកម្ពុជាដែលឆ្លងតាមរយៈទឹកដូចជា ជំងឺរាគរូសជាដើម៕

ដោយ  ជួន សុជាតិ