មន្ត្រីជំនាញការពារអ្នកប្រើប្រាស់កិច្ចការប្រកួត​ប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តតាកែវ ចុះត្រួតពិនិត្យទំនិញ និងស្វែងរកស្រាថ្នាំចិនសែតាំងគួយ ដែលបណ្តាលឱ្យអ្នកទិញយកទៅពិសាពុល និងស្លាប់

AKP តាកែវ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០–កាលពីព្រឹកថ្ងៃចន្ទ ១០រោចខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព..២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (...) ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងអាជ្ញាធរក្រុង ស្រុក បានចុះត្រួតពិនិត្យតាម    បណ្តាផ្សារនៅក្នុងខេត្តតាកែវ ដើម្បីស្វែងរកស្រាថ្នាំចិនសែ តាំងគួយ ដែលមានសារធាតុពុលបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ប៉ោ លាងគង់ ប្រធានសាខា ក... ខេត្តតាកែវ មានប្រសាសន៍ថា ការចុះត្រួតពិនិត្យស្វែងរកស្រាប្រភេទនេះ បន្ទាប់ពីមានករណីពុលស្រាថ្នាំចិនសែយីហោ ស្រាថ្នាំចិនសែតាំងគួយ បានកើតឡើងនៅស្រុកមង្គលបូរី ស្រុកម៉ាល័យ និងក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០កន្លងមក បណ្តាលឱ្យពុលប្រជាពលរដ្ឋចំនួន ៤១នាក់ និងស្លាប់ចំនួន ០៧នាក់។

លោក ប៉ោ លាងគង់ មានប្រសាសន៍បន្តថា ក្រោយពីមានករណីពុលស្រាថ្នាំចិនសែតាំងគួយ នៅខេត្តបន្ទាយមានជ័យមក មន្ត្រីរបស់យើងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរក្រុង ស្រុក បានធ្វើការចុះត្រួតពិនិត្យនៅតាមបណ្តាផ្សារ និងកន្លែងលក់ស្រាមួយចំនួននៅក្នុងខេត្តតាកែវ ក៏ប៉ុន្តែជាលទ្ធផលនៅតាមទីផ្សារ និងកន្លែងលក់ស្រានានា មិនមានការដាក់លក់ប្រភេទស្រាថ្នាំចិនសែ តាំងគួយនោះទេ។

លោក ប៉ោ លាងគង់ មានប្រសាន៍បន្ថែមថា បើទោះបីជាមន្ត្រីជំនាញមិនបានស្វែងរកឃើញប្រភេទស្រាថ្នាំចិនសែ តាំងគួយ ដាក់លក់យ៉ាងណាក៏ដោយ ក៏មន្ត្រីជំនាញនិងអាជ្ញាធរ ក្រុង ស្រុក បានធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះស្រាថ្នាំចិនសែ តាំងគួយ ដោយមិនត្រូវទិញស្រានេះផឹកនោះទេ។ ប្រសិនបើបានឃើញដាក់លក់នៅតាមផ្សារ ឬកន្លែងណាមួយ សូមរាយការណ៍មកមន្ត្រីជំនាញ ឬអាជ្ញាធរក្រុង ស្រុក ដើម្បីធ្វើការរឹបអូសយកទៅដុតកម្ទេចចោល ចៀសវាងប្រជាពលរដ្ឋទិញយកទៅពិសា ដែលនាំឱ្យ គ្រោះថ្នាក់ដល់អាយុជីវិត៕ ដោយ៖ អ៊ុច សៀង