ឯកឧត្ដម ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ចំនួន២ខ្នងនៅក្នុងស្រុកស្នួល 

AKP ក្រចេះ ថ្ងៃទី១៦ ខែមិថុនា ​ឆ្នាំ២០២០–

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អគារសិក្សាចំនួន២ខ្នងនៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីរសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅក្នុងស្រុកស្នួលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀតផង។

តាមរបាយការណ៍របស់លោក គង់ គឹមនី អភិបាលស្រុកស្នួល បានឱ្យដឹងថា អគារសិក្សាចំនួន ២ខ្នង ដែលបានបញ្ចុះបឋមសីលាសាងសង់នៅពេលនេះ គឺ១ខ្នង មាន៣បន្ទប់ស្ថិតនៅក្នុងភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ និង១ខ្នងទៀត មាន៣បន្ទប់ស្ថិតនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជាជំនួយរបស់អង្គការសប្បុរសជនជប៉ុន ។
មានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកម្មពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសប្បុរសជនជប៉ុន ដែលបានផ្តល់នូវអគារសិក្សាទាំង ២ខ្នង ស្មើនឹង៦បន្ទប់ សម្រាប់សិស្សានុ សិស្សក្នុងឃុំទាំងពីរបានចូលរៀនសូត្រ។ ឯកឧត្ដមកិត្តិបណ្ឌិតក៏បានស្នើសុំឱ្យអង្គការសប្បុរស ជនជប៉ុនបន្តជួយន្ថែមទៀត ពិសេសនៅក្នុងតំបន់ឆ្ងាយៗ និងជួយត្រួតពិនិត្យ តាមដានចំពោះការសាងសង់ដើម្បីធានាបាននូវគុណភាពកម្រិតស្តង់ដារនៃសំណង់ ដើម្បីប្រើប្រាស់បានយូរអង្វែង ៕ ដោយ៖ជួន សុជាតិ