រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះ​បញ្ជី​អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះ​បញ្ជី​អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននាព្រឹកថ្ងៃន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះនៅទីស្ដីការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគមតំណាង វិស័យឯកជន និងក្រុមអ្នកសារព័ត៌មាន។​

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាបង្គោលចរថ្មីមួយនៃការកែទម្រង់មុត ស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងនូវបរិយាកា​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ ចាប់ពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២០​ នេះតទៅ, ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបានតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ដែលមានអាសយដ្ឋាន www.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ នៅអគ្គនាយដ្ឋានពន្ធដារ និង​ការ​ធ្វើសេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម ៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការ​ចំណាយតិចជាងមុន រហូតជាងពាក់កណ្តាល ។

ទន្ទឹមនឹងនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​(QIP)តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះផងដែរ នៅក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងយន្តការថ្មីនេះ  គឺជាប្រព័ន្ធទីមួយរបស់រាជរដ្ឋាភិបាល ដែលមានការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យ ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌ ជា​​​ប្រព័ន្ធអេកូឡូហ្សី ហើយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាលក្ខណៈអន្តរក្រសួង ដោយទិន្នន័យទាំងអស់នឹងត្រូវបានបញ្ជូនចែករំលែកដោយស្វ័យ​ប្រវត្តិ ទៅប្រព័ន្ធបច្ចវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការត្រួតពិនិត្យ និង ផ្តល់កាអនុម័ត

ដំណើ​ការនៅក្នុងការចុះបញ្ជី ការដាក់ឯកសារយោង ក៏ដូចជាការទទួលបានមកវិញ នូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម,​ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ, ណ្ណប៉ាតង់ ក៏ដូចជាឯកសារផ្សេទៀតទាំងអស់ នឹងត្រូវផ្តល់ និងទទួលបានជាទម្រង់ឌីជីថល ​ដែលនឹងត្រូវបានធ្វើឡើងទាំ​ស្រុង​នៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយមិនមានការប្រើប្រាស់ជាឯកសាររូបី ក្នុងទម្រង់រឹងទៀត​ទេ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ, នីតិវិធីស្មុគស្មាញ, ការផ្តល់ព័ត៌មាន​ច្រើន​​ដង និងច្រំដែល, ពេលវេលា និងការចំណាយ ដែលកើតមាននៅតាម​បណ្តាដំណាក់​កាលនៃ​ការ​ចុះ​បញ្ជី​អាជីវកម្ម នៅក្នុងក្របខណ្ឌយន្តការចាស់ ត្រូវបានកាត់បន្ថយជាអតិបរមា

លើសពីនេះ, ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់​ធុរ​ជនដែលកំពុងស្វែងរកឯកសារគតិយុត្តកំណត់អត្តសញ្ញាណអាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួល​​បានឥណទាន​ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែល​ទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវ ប្រព័ន្ធចុះបញ្ចីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នា​ពេលនេះគ្រាន់តែជាដំណាក់កាលទី ១ ដែលផ្តោតជាសំខាន់លើការចុះបញ្ជីអាជីវកម្មថ្មីតែ​ប៉ុណ្ណោះ ។​ នៅ​ក្នុង​​​ដំណាក់កាលបន្ទាប់, រាជរដ្ឋាភិបាលនឹងបន្តពង្រីកវិសាលភាពនៃប្រព័ន្ធនេះ ឈានទៅគ្រប​ដណ្តប់ដល់គ្រប់ក្រសួងស្ថាប័នផ្សេងទៀត ដើម្បីរៀបចំការផ្តល់អាជ្ញាណ្ណនានា​តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មានថែម​ទៀត ។

លទ្ធផលនៃការកសាងប្រព័ន្ធនេះ​ បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា, ក៏ដូចជាពិភពលោកទាំងមូល, កំពុងតែបន្តទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩, រាជរដ្ឋាភិបាល, ក្រោការដឹកនាំប្រកប​​​ដោយ​បញ្ញាញាណ​ដ៏ឈ្លាសវៃ, ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកនិយ​​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, មិបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួនទេ។ ផ្ទុយទៅវិញ, រាជរដ្ឋាភិបាលបានចាត់ទុកកាលៈទេសៈនៃវិបត្តិនេះ គឺជាកាលានុវត្តភាពសម្រាប់ជំរុញកិច្ចការកែទម្រង់មុតស្រួច ឱ្យកាន់តែសកម្មឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងវិបត្តិផង និង សំលៀងសម្រួចភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សំដៅជំរុញធ្វើពិពិធកម្មមូលដ្ឋាននៃកំណើន និង គាំទ្រដល់កំណើនប្រកបដោយចីរភាពសម្រាប់រយៈពេលវែងផង៕

ដោយ គង់ សិរីរ័ត្ន