ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញ ពាក់ព័ន្ធ និងមន្រ្តីជំនាញនៃទីចាត់ការរៀបចំក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យការ ស្ថាបនា ស្ពានថ្មើរជើងផ្សារដើមគរ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ហើយគិតមកដល់ពេលនេះ ស្ថាបនាបាន៩៥ភាគរយហើយ និងគ្រោង ដាក់ឱ្យប្រើប្រាស់នៅចុងសប្ដាហ៍នេះ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនេះ គឺស្របតាមកំណើនរបស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយគិតមកដល់ពេលនេះ ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និង ធ្វើការផ្សេងទៀតនោះ មានសរុបប្រមាណជាង ៣លាននាក់ទន្ទឹមនឹងកំណើននេះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរ ជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបានបញ្ជាក់ទៀតថា ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងផ្លូវក្រោមដី និងស្ពានអាកាសថ្មើជើង ជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងសម្រាប់ពេលនេះរដ្ឋបាល រាជធានីភ្នំពេញ បាន និងកំពុងស្ថាបនាស្ពានអាកាសថ្មើរជើងពីរកន្លែងបន្ថែមទៀតនោះ គឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។ ដើម្បីតម្រូវ ការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ ិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ជូនប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់ពីសំណាងក្រុមហ៊ុន Space media Co,Ltd ឱ្យដឹងថា គិតមកដល់ ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផល ប្រមាណជា ៩៥ភាគរយហើយ ពោលគឺនៅសល់តែការក្រាលកម្រាលថ្មើជើង ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម គ្រោងនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។ ចំណែកស្ពាន អាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវ ប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជា ក្រោម២ខ្សែ ដើម្បី បង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបាបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិស ខាងណាក៏ដោយ។

សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមាន ស្ពានអាកាសថ្មើរជើងចំនួន ៣កន្លែងហើយ ក្នុងនោះរួមមាននៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន ២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែង ហើយបើតាមគម្រោង រដ្ឋបាលរាជធានី ភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

ដោយ សួស សំរិត