ព្រឹទ្ធសភាកំណត់យកថ្ងៃទី១៦ ខែមិថុនានេះ បន្តសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើច្បាប់ចំនួន ៤ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០–

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ​ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានកំណត់យកថ្ងៃទី១៦ ខែមិថុនាស្អែកនេះ ដើម្បីបន្តសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៤ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល ទុកជាការប្រញាប់។

ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចប្រជុំនោះថា សេចក្តីព្រាងច្បាប់ចំនួន ៤ នោះរួមមាន៖ ទី១-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហប្រល័យ ។

២-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

ទី៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែនស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និង វិសោធនកម្មឆ្នាំ១៩៧៩ ៕ដោយ៖ប៉ាល់ សុង