អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការបាញ់សម្លាប់សត្វ ដើម្បីយកមកធ្វើជាចំណីអាហារ ឬផលប្រយោជន៍ផ្សេងៗ ខណៈសត្វស្វាកន្ទុយស ដ៏កម្រមួយក្បាលត្រូវបានបាញ់សម្លាប់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលនៅតំបន់ព្រៃភ្នំ សូមបញ្ឈប់ជាបន្ទាន់ការបាញ់សម្លាប់សត្វព្រៃ ដើម្បីយកមកធ្វើជាចំណីអាហារ លក់ដូរ ឬដើម្បីបម្រើផលប្រយោជន៍ផ្សេងៗ ខណៈសត្វស្វាកន្ទុយស ដ៏កំរមួយក្បាលត្រូវបានបាញ់សម្លាប់ ដោយជនអគតិម្នាក់ កាលពីម្សិលមិញ នៅខេត្តស្ទឹងត្រែង។
ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់បន្ថែម ប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានាព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះថា៖ “ខ្ញុំសូមសម្តែងការសោកស្តាយ និងថ្កោលទោសជនអគតិរូបនេះ ដែលបានបាញ់សម្លាប់ស្វាកន្ទុយសដ៏កម្រមួយក្បាលនេះ និងសូមអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់ការបាញ់សម្លាប់សត្វព្រៃ ដើម្បីយកមកធ្វើជាចំណីអាហារ លក់ដូរ ឬដើម្បីបម្រើផលប្រយោជន៍ផ្សេងៗ។ ចំណែកឯជនសង្ស័យដែលបានបាញ់សម្លាប់ស្វាកន្ទុយសរូបនេះ ត្រូវបានកងអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ខ្លួនបានហើយ និងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ខណៈសពស្វាកន្ទុយសដែលត្រូវបានបាញ់សម្លាប់នេះ ក៏ត្រូវបានដុតរំលាយរួចហើយ កាលពីថ្ងៃម្សិលមិញ។”

គួររម្លឹកថា ជនសង្ស័យដែលបានបាញ់សម្លាប់សត្វស្វាកន្ទុយសកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានឈ្មោះ ណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
នៅក្នុងប្រទេសកម្ពុជា សត្វស្វាកន្ទុយស ដែលមានឈ្មោះវិទ្យាសាស្ត្រ (Pygathrix nigripes) មានប្រមាណជាង២ម៉ឺនក្បាល ដែលកំពុងមានវត្តមាន នៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ។ល។ ខណៈខេត្តមណ្ឌលគិរី ជាខេត្តដែលមានសត្វស្វាកន្ទុយសច្រើនជាងគេ ពិសេសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ហើយត្រូវបានចាត់ថ្នាក់ជាសត្វកំពុងរងការគំរាមកំហែងឈានទៅរកការផុតពូជ នៅក្នុងបញ្ជីក្រហមរបស់ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)៕

ដោយ ផែន រតនៈ