អភិបាលរងខេត្ត ចូលរួមក្នុងកិច្ចប្រជុំ ស្តីពី សេចក្តីព្រាងផែនការទីផ្សារទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០២៤

AKP កែប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០         លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប  អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ស្តីពីសេចក្តីព្រាងផែនការទីផ្សារទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០២៤ និងមាន ការចូលរួមពីសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសអភិវឌ្ឍវិស័យន៍ទេសចរណ៍ខេត្តកែប ជាច្រើនរូបទៀត។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារ បច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត បានលើកឡើងថា ផែនការទីផ្សារទេសចរណ៍ ខេត្តកែបនេះទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ដើម្បីផ្តល់ជាធាតុ ចូលដើម្បីឱ្យផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកប្រធានមន្ទីរទេសចរណ៍ បានបន្ថែមទៀតថា ផែនការទីផ្សារទេសចរណ៍ ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរគុណភាព” តាមរយៈការកាត់ ចំណែកទីផ្សារសក្តានុពលដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់/ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ” ។

លោកស្រី អ៊ុល ភីរុណ បានបង្ហាញថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍ លម្ហែកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។ លោកស្រីមានជំនឿជឿជាក់យ៉ាងមុតមាំថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤ នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើក ស្ទួយវិស័យទេសចរណ៍ តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅ ដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់ លាស់ និងគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានោះដែរ លោកស្រីអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមសហការអនុវត្តផែនការទីផ្សារទេសចរណ៍ដ៏សំខាន់មួយនេះ ឱ្យបាន ខ្ជាប់ខ្លួនតាមតួនាទី និងភារកិច្ចទទួលខុសត្រូវ និងសូមឱ្យមានការចូលរួមយ៉ាង សកម្មពីផ្នែកឯកជន ដើម្បីរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងទិសដៅទីផ្សារទេសចរណ៍ ដែលបានកំណត់ក្នុងផែនការទីផ្សារនេះ សម្រាប់ខេត្តកែប របស់យើងទាំងអស់គ្នា៕

ដោយ ប្រាក់ លាង