អភិបាលខេត្តកំពង់ចាម ក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ការ​ពារជំងឺកូវីដ-១៩​  និងជំងឺឆ្លងផ្សេងៗ

AKP កំពង់ចាម ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ទាំង​អស់ សូមមេត្តាបន្តអនុវត្តន៍វិធានការទប់ស្កាត់បង្ការការពារជំងឺរាតត្បាតផ្សេងៗរួមមាន៖ ជំងឺគ្រុនចាញ់ គ្រុនឈាម ពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត​ន៍ឱ្យបានខ្ជាប់ ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបង្កើនការដាំដុះ ដំណាំស្រូវ ​ដំណាំរួមផ្សំ បន្លែ បង្ការ និងការចិញ្ចឹមសត្វឱ្យបានច្រើនសំដៅជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់​តែ ប្រសើរថែមទៀត ក្នុងកាលៈទេសៈយើងនៅតែប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ដែលមិនអាច ចាកចេញទៅរកស៊ី ប្រកបការងារផ្សេងៗឆ្ងាយៗដូចពេលមុនបាននោះ។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមមដំណើរដោយឯកឧត្តមអនុប្រធាន លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និងគណៈកិត្តិយស អនុសាខាស្រុកបាននាំយកអំណោយ ស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងចំនួន​៦៣គ្រួសារ មកពីឃុំចំនួនបីគឺ ឃុំរកាគយ ឃុំពាមជីកង និងឃុំសូគង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម  នាព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវនឹង​​ថ្ងៃ​ទី១២ ខែមិថុនា​ ឆ្នាំ​២០២០នេះនៅក្នុង បរិវេណ សាលាស្រុកកងមាស។

ឯកឧត្ដម អ៊ុន ចាន់ដា បានលើកឡើងថា នៅក្នុងរដូវវស្សាភ្លៀងបានធ្លាក់ជាបន្ត បន្ទាប់ជំងឺរាតត្បាតផ្សេងតែងកើតមានដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ពិសេសជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វើអនាម័យ ឱ្យបានត្រឹមត្រូវ​​តាមការ ណែនាំរបស់ ក្រសួងសុខាភិបាលគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ សូមបងប្អូន​យកចិត្តទុកដាក់ខ្ពស់លើ អនាម័យសុខភាពរស់នៅ ឱ្យបានល្អជាប្រចាំ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពអាយុជីវិត យើងទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ​លើក​ទឹកចិត្ត​ប្រជាកសិករឱ្យ​​យកចិត្ត​ទុកដាក់​លើ​ការបង្កបង្កើន​ផល​ស្រូវ និង​ដំណាំ​រួមផ្សំ​ព្រមទាំង​ពង្រឹង​ការងារ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ដើម្បី​ចូលរួម​ធានា​នូវសន្តិសុខ​ស្បៀង និងអាហារូបត្ថម្ភក្នុងគ្រួសារក្នុង​គ្រា​​ដែលយើងកំពុងជួបមាន​វិបត្តិ​ជំងឺ​កូវីដ-​១៩​នេះ ទោះ​បី​នៅ​​ពេលនេះ សន្តិសុខ​ស្បៀង​របស់​យើង​នៅ​មិនទាន់​មាន​បញ្ហា​ចោទ​ក្ដី តែ​យើង​​ត្រូវ​តែត្រៀមជានិច្ច គឺ​ត្រូវ​បង្កើន​ការងារ​បង្កបង្កើនផល ដាំដំណាំរួមផ្សំគ្រប់ ប្រភេទនិង​ចិញ្ចឹមសត្វ​របស់​យើង​ថែមទៀត ដើម្បី​រក្សា​ឱ្យបាន​នូវ​តុល្យភាព​ស្បៀង និង​សេដ្ឋកិច្ច​ក្នុង​សង្គម​គ្រួសារ និង​ប្រទេសជាតិ​របស់​យើង​ផងដែរ។

អំណោយដែលចែកជូនក្នុងពេលនោះ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ២៥គ.ក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, អាវយឺត២, ម៉ាស់៥បន្ទះ និង ថវិកា ២០,០០០រៀល។ ដោយឡែកចំពោះគ្រួសារអ្នកស្រី វិត ស៊្រាង ជាស្ត្រីមេម៉ាយទ័លលំបាក  រស់នៅភូមិ ឃុំ ពាមជីកង ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានប្រគល់ផ្ទះ ១ខ្នង រួមជាមួយ គ្រឿងឧបភោគបរិភោគ សម្ភារផ្ទះបាយ និងថវិកាមួយចំនួន៕

ដោយឆាយ ម៉ុត