ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រគល់​ធុងបែង ចែកសំរាមជូនដល់សាលារៀនចំនួន១០ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

ក្រសួងបរិស្ថាន  សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា  និងក្រុមហ៊ុន កូកា-កូឡា​កម្ពុជា បានរៀបចំប្រគល់ធុងបែងចែកសំរាមចំនួន ៥០ធុង មានចំនួនសរុប ១៣០ប្រលោះ  ជូនដល់សាលារៀនចំនួន១០ នៅក្នុងខេត្តព្រះសីហនុ។  ពិធីនេះធ្វើឡើងដោយមានការ​អញ្ជើញចូលរួម​របស់ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះ​ដឹង​និង​ព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅ​ខេត្ដព្រះសីហនុ។

កិច្ចសហការផ្ដល់ធុងបែងចែកសំរាមនេះ  ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាប​ការ​យល់ដឹងពីការគ្រប់គ្រងសំណល់រឹងនៅតាមសាលារៀនជាពិសេសផ្តោតសំខាន់លើការ បែងចែកសំណល់កែច្នៃ  មិនអាចកែច្នៃ និងសំណល់សរីរាង្គ  ក៏ដូចជាការបំផុសស្មារតី ស្រឡាញ់បរិស្ថាននៅជុំវិញខ្លួនរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ។ ទន្ទឹម​នេះ ការមានទម្លាប់ល្អនៅសាលារៀន សិស្សានុសិស្សអាចយកទៅផ្សព្វ​ផ្សាយ​ និង​អនុវត្តន៍ល្អនៅគេហឋានរបស់ពួកគេ។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន​នៃក្រសួងបរិស្ថានបានថ្លែងថា ការគ្រប់គ្រងសំណល់និងបរិស្ថាន ក្រោមការដឹកនាំរបស់​រាជរដ្ឋាភិ​បាល  គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និង​ប្រជាពលរដ្ឋគ្រប់រូបផងដែរ។  ឯកឧត្ដមបានចាត់ទុកការចូលរួមរបស់វិស័យឯកជនក្នុង កិច្ច​គាំពារបរិស្ថាន គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការសាមគ្គីរបស់វិស័យឯកជន ចំពោះ បរិស្ថាននៅកម្ពុជា។

ឯកឧត្ដមជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដោយមានការចូលរួម​ពីវិស័យឯកជនជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថាននៅកម្ពុជាមានភាពប្រសើរឡើង។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជាបាន​ឱ្យដឹងថា កិច្ចសហការគ្នានេះ គឺជាផ្នែកមួយនៃការជួយគាំទ្រគម្រោងជាសកលរបស់កូកា-កូឡា ដែលមានឈ្មោះថា«ពិភពលោកគ្មានសំរាម» ដែលអនុវត្តន៍តាមសរសរស្តម្ភ៣​គឺ​«រចនា» «ប្រមូលកែច្នៃ»និង«ចាប់ដៃគូសហការ»។ លោកបានបន្តថា  ក្រុមហ៊ុនកំពុង​ព្យាយាម​គ្រប់សកម្មភាពដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ២០៣០ នូវគោលដៅ​«ប្រមូល»ឱ្យបាន​៥០ភាគរយ នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់ យកទៅកែច្នៃឡើងវិញ។ លោកបានលើកឡើងថា នេះគឺជាសក្ខីភាពនៃការសម្រេចបាននូវមួយជំហានទៀតរបស់ ក្រុមហ៊ុនចំពោះគោលដៅជាសកលរបស់យើងក្នុងឆ្នាំ២០២០នេះ ដែលក្រុមហ៊ុននឹងចេញ លក់ទឹកពិសាដាសានីចំនុះ៣៥០មីលីលីត្រ សំបកដបវេចខ្ចប់ទឹកពិសាចំណុះនេះផលិត​ពីប្លា​ស្ទិកកែច្នៃរួច១០០ភាគរយ ឬហៅថា«rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី​និងកាណាដា»។

សូមបញ្ជាក់ផងដែរថា ក្រោមគម្រោងជាសកល «ពិភពលោកគ្មានសំរាម» គិតចាប់​ពី​ចុងឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃនេះក្រុមហ៊ុនកូកា-កូឡា និងដៃគូសហការទាំងអស់​បានរួមគ្នាផ្តល់ធុងបែងចែកសំរាមជាង៨០០ធុងនិងសារបំផុសស្មារតីស្រឡាញ់បរិស្ថានរាប់រយផ្ទាំងជូនដល់សាលារៀននិងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុម​ហ៊ុនក៏នៅមានធុងសំរាមចំនួនជាង២០០ទៀត​ កំពុងតែផលិតទុកសម្រាប់​ផ្តល់ជូន​សាលា​រៀន​ និងសហគមន៍ ក្នុងឆ្នាំ២០២០នេះ៕

ដោយ រិទ្ធី