រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សប្ដាហ៍ទី១ នៃខែមិថុនា ភ្ញៀវក្នុងស្រុកជាង ១៥ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់ បានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស ក្នុងកំណើន ២៤.២០ភាគរយ ធៀបនឹងសប្តាហ៍មុន។ នេះបើតាមឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ឱ្យដឹង នៅយប់ថ្ងៃទី១១ ខែមិថុនានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដើរទស្សនានៅតាមរមណីយដ្ឋាន ទេសចរណ៍ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស មានចំនួន ១៥៧,៩៤២នាក់ កើនឡើង ២៤.២០ភាគរយ បើធៀបនឹងសប្តាហ៍មុន។

ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦នាក់ កើនឡើង ២៤.០៧ភាគរយ ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦នាក់ កើនឡើង ៣០.៤៣ភាគរយ។ ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះ ភ្ញៀវទេសចរផ្ទៃក្នុងបានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរនៅតែជា គោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០ភាគរយ នៃទេសចរផ្ទៃក្នុងសរុប)។

រីឯ ខេត្តបាត់ដំបង កើនឡើងជាង ១៣ភាគរយ នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្ត សៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិន ទាន់មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើក ដំណើរការអាជីវកម្មឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនគួរសមបានទៅ កម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ៕

ដោយ ម៉ៅ ចរិយា