កូនឈើចម្រុះចំនួន១៥០០ដើម ត្រូវបានដាំនៅវត្តព្រះឥន្ទទេព ជិតប្រាសាទបាយ័ន ដើម្បីបង្កើនភាពបៃតងក្នុងតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

ព្រះសង្ឃ និងបុគ្គលិកអាជ្ញាធរជាតិអប្សរាប្រមាណ២០០អង្គ/នាក់ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានរួមគ្នាដាំកូនឈើចម្រុះចំនួន១៥០០ដើម នៅវត្តព្រះឥន្ធទេព (ខាងត្បូងប្រាសាទបាយ័ន)។

ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានសង្ឃដីកាថា ព្រៃឈើ គឺមានអត្ថប្រយោជន៍ដ៏លើសលុបចំពោះមនុស្សជាតិ សត្វ ធម្មជាតិ និងប្រាសាទ ប៉ុន្តែដោយយោងលើកត្តាធម្មជាតិ ការកាប់បំផ្លាញរបស់មនុស្ស ធ្វើឱ្យមានការ បាត់បង់ព្រៃអស់មួយផ្នែកធំ។ ព្រះអង្គបានអំពាវនាវ  សុំឱ្យមានការចូលរួមទាំងបណ្តុះគំនិត ចេះស្រឡាញ់ធម្មជាតិ  និងចូលរួមដាំដើមឈើបន្ថែម ដើម្បីបរិស្ថានក្នុងតំបន់អង្គរ ក៏ដូច ជាប្រទេសកម្ពុជា។ សម្រាប់ដើមឈើទាំង១,៥០០ដើម ដែលបានដាំនៅពេលនេះ មានដូច ជាប្រភេទឈើ គ្រញូង បេង ធ្នង់ ច្រេស សុក្រំ គគីរ ឈើទាល រំដួល និងក្របៅ។ នេះជាកម្ម វិធីលើកទី១នៃការដាំកូនឈើនាដើមរដូវវស្សាឆ្នាំ២០២០នេះ ហើយអាជ្ញាធរជាតិ អប្សរា នឹងបន្តការងារនេះនៅតាមតំបន់ប្រាសាទ វត្តអារាម និងតំបន់គោលដៅជាច្រើនទៀត ក្នុង បំណងបង្កើនគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមក្នុងការដាំកូនឈើឡើងវិញនេះ ជាផ្នែកមួយនៃដំណើរ ការក្នុងកិច្ចការរៀបចំប្លង់បច្ចុប្បន្នភាព និងប្លង់មេ វត្តព្រះឥន្ទទេព របស់ក្រុមកិច្ចការវត្តអារាម នៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋាន ក្នុងឧទ្យានអង្គរ ក្នុងការប្រើប្រាស់ផ្ទៃ ដីវត្តអារាមឱ្យបានសមស្រប ក៏ដូចជាជួយសង្គ្រោះ និងអភិរក្សព្រៃឈើឡើងវិញ ព្រមទាំង បានការនិមន្តចូលរួម និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ពីសំណាក់ ព្រះមេគណ ខេត្តសៀមរាប ព្រះមន្រ្តីសង្ឃ និងបានការរួមសហការយ៉ាងជិតស្និទ្ធជា មួយនាយកដ្ឋានគ្រប់ គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងទឹក និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីឱ្យកិច្ចការងារ នេះប្រព្រឹត្តិបានដោយជោគជ័យ៕

ដោយ ឃុត សៅ