អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តជំរុញការស្តារជួសជុលផ្លូវលំជនបទពីផ្លូវដី ដោយក្រាលកៅស៊ូ

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន និងកំពុងបន្តយកចិត្តទុកដាក់ជំរុញការស្តារជួស ជុល​ផ្លូវលំជនបទដែលរងការខូតខាតពីផ្លូវដី ដោយក្រាលកៅស៊ូប្រភេទ DBST​ ជំនួសវិញ ដើម្បី​ធានា​បានការប្រើប្រាស់យូរអង្វែងនោះ។

នៅក្នុងឱកាសចុះពិនិត្យមើលផ្លូវ១ខ្សែ ដែលមានប្រវែងប្រមាណ១៣គីឡូម៉ែត្រ ដើម្បី​សិក្សាលើកគម្រោងជួសជុលឡើងវិញដោយចាក់កៅស៊ូប្រភេទ DBST​ ដោយភ្ជាប់ពីភូមិចក​សង្កាត់ព្រះពន្លាទៅដល់ភូមិបង្រុះ​ សង្កាត់​ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​​នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ដោយមានការ គិតគូរខ្ពស់ចំពោះការធ្វើដំណើរកាត់បន្ថយគម្លាតពីទីក្រុងទៅជនបទ និង រួមចំណែកកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនោះ ​រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍផ្លូវ លំជនបទដោយប្រែក្លាយពីផ្លូវដីក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ បេតុងជាបណ្តើរៗ សម្រាប់ប្រើប្រាស់បានយូរអង្វែង​នោះ។

ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា ជាក់ស្តែងគម្រោងផ្លូវ១៣គីឡូម៉ែត្រ ដែលរដ្ឋបាល ខេត្តកំពុង​សិក្សាលើកគម្រោងនឹងត្រូវស្ថាបនាឡើងនាពេលខាងមុខ ដោយចាក់កៅស៊ូ ប្រភេទ DBST នេះ ដោយប្រើថវិកាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុង ការធ្វើចរាចរទៅមក និងដឹកកសិផលមកកាន់ទីផ្សារបានលឿនស្របទៅនឹងភាពរីកចម្រើន ប្រទេសជាតិនោះ។      ​         ​

អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា អាជ្ញាធរខេត្តតែងតែបានយកចិត្តទុក​ដាក់ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហមទៅតាមលទ្ធភាពថវិកា ដែលយើងមាន និងមួយចំណែកក៏បានមកពីទុនចូលរួមរបស់ប្រជាពលរដ្ឋ និង​សប្បុរជនរួមគ្នាកសាង។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការជំរុញឱ្យ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍន៍ជនបទ រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក​ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនោះនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង៕

ដោយ ឈុនសារ៉ាត