អាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើពិធីបើកការដ្ឋានសាងសង់ ទីទួលសុវត្ថិភាព

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើពិធីបើកការដ្ឋានសាងសង់ទីទួលសុវត្ថិភាពមួយកន្លែងស្ថិតនៅទល់មុខវត្តយាយទេព សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដថោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់ផ្សារឆ្នាំងផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា គម្រោងសាងសង់ទីទួលសុវត្ថិភាពនេះ ក្នុងគោលបំណងសំខាន់ គឺសម្រាប់សង្គ្រោះជីវិតមនុស្ស និងសត្វ នៅពេលដែលមានគ្រោះមហន្តរាយដូចជាទឹកជំនន់ និង គ្រោះធម្មជាតិជាយថាហេតុផ្សេងៗទៀត។ ជាពិសេសមានការរៀបចំនូវសោភណភាពមួយចំនួនទៀតនៅលើទីទួលនេះ ដើម្បីឱ្យក្លាយទៅជាតំបន់ទេសចរណ៍មួយយ៉ាងប្រសើរនាពេលអនាគត។

ឯកឧត្តមអភិបាលខេត្តបន្តថា ដោយពិនិត្យឃើញពីការលំបាកនេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ចែងឱ្យមានការរៀបចំទីទួលសុវត្ថិភាពនេះឡើង ដោយមានជម្រកត្រឹមត្រូវ ដើម្បីប្រជាពលរដ្ឋស្នាក់អាស្រ័យបណ្តោះអាសន្ន ពេលជួបទឹកជំនន់។

ឯកឧត្តម បានបន្ថែមទៀតថា ទីទួលសុវត្ថិភាពយាយទេពនេះ មានទីតាំងមុខវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង លើផ្ទៃដី ៣ហិកតា ត្រូវចាក់ដីបំពេញ ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង ចំណាយថវិការាជរដ្ឋាភិបាល ក្នុងគម្រោងថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។នៅក្នុងពិធីនោះផងដែរក៏មានរៀបចណពិធីសូត្រមន្តបន់ស្រន់សុំសេចក្តីសុខក្នុងដំណើរសាងសង់ ព្រមទាំងបានប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន៩អង្គ និងលែងសត្វផងដែរ៕ ដោយ៖ បៃ ស៊ីថុន